
កំពង់ធំ ៖ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានប្រកាសដាក់ឱ្យអនុវត្តសាកល្បងគម្រោងលើកកម្ពស់អនាម័យម្ហូបអាហារតាមដងផ្លូវនៅខេត្តកំពង់ ដើម្បីជំរុញឱ្យអាជីវករមានឱកាសពង្រីកអាជីវកម្មរបស់ខ្លួនឯងផង និងកសាងមុខមាត់សម្រាប់ខេត្តកំពង់ធំផង។

ប្រកាសដាក់ខេត្តកំពង់ធំ គឺជាខេត្តដំបូង ដែលនឹងអនុវត្តគម្រោងលើកកម្ពស់អនាម័យម្ហូបអាហារតាមដងផ្លូវនេះ គឺជាផ្នែកមួយនៃយុទ្ធនាការផ្សព្វផ្សាយ និងចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងមូលដ្ឋានខេត្តកំពង់ធំ។

ថ្លែងទៅកាន់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រមាណ ៣.០០០ នាក់ ក្នុងយុទ្ធនាការផ្សព្វផ្សាយលើកទី៥ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ លោកហែម វណ្ណឌី បានលើកឡើងថា «តាមរយៈការអនុវត្តគោលការណ៍អនាម័យសាមញ្ញៗ ដូចជាការស្លៀកពាក់ ការលាងសម្អាត ការទុកដាក់បន្លែ សាច់ និងសំរាមជាដើមនេះ បងប្អូននឹងការពារអ្នកទទួលទានដែលជាអតិថិជន ព្រមទាំងអាចពង្រីកឱកាសអាជីវកម្មរបស់ខ្លួនឯងផង និងកសាងមុខមាត់សម្រាប់ខេត្តកំពង់ធំយើងផង»។

សម្រាប់គម្រោងសាកល្បងនេះ អ្នកជំនាញផ្នែកអនាម័យម្ហូបអាហារ នឹងសហការជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងអាជីវករលក់ម្ហូបអាហារតាមដងផ្លូវមួយចំនួនដែលស្ម័គ្រចិត្តចូលរួម ដើម្បីផ្តល់ការបណ្តុះ បណ្តាល និងអនុវត្តគោលការណ៍អនាម័យម្ហូបអាហារ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី លើកទឹកចិត្តដល់អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅឱ្យចុះឈ្មោះតាមថ្នាលជីជីថល និងបានពន្យល់ផងដែរអំពីអត្ថប្រយោជន៍នៃការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ រួមមានការទទួលបានអត្តសញ្ញាណផ្លូវការ ការលើកលែងកាតព្វកិច្ចផ្នែកពន្ធដារ អត្ថប្រយោជន៍បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ការគាំពារសង្គម ការបណ្តុះបណ្តាលជំនាញបច្ចេកទេស លទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ និងការអភិវឌ្ឍអាជីវកម្មជាដើម៕




Leave a Reply