ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី មានព្រះបន្ទូលថា រដ្ឋសភានីតិកាលទី៧ បានបំពេញការងារស្នូលយ៉ាងសកម្ម ក្នុងការរួមចំណែកដល់ការរក្សាសុខសន្តិភាព និងកំណើនសេដ្ឋកិច្ច

នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥នេះ រដ្ឋសភានៃកម្ពុជា បានបើកសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា។

នៅក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើព្រះរាជសារជូនអង្គរដ្ឋសភា ដោយបានមានព្រះរាជបន្ទូលកោតសរសើរ វាយតម្លៃខ្ពស់ចំពោះលទ្ធផលការងាររបស់រដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានបំពេញការងារស្នូលរបស់ខ្លួនយ៉ាងសកម្ម និងប្រកបដោយថាមពលខ្លាំងក្លា និងសម្រេចបាន នូវសមិទ្ធផលជាច្រើនគួរជាទីមោទនៈ រួមចំណែកយ៉ាងសំខាន់ដល់ការថែរក្សាសុខសន្តិភាព សណ្តាប់ធ្នាប់សង្គម កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយបរិយាបន្ន ។

ព្រះរាជសារបានបន្តថា ក្នុងអំឡុងចន្លោះសម័យប្រជុំរដ្ឋសភាកន្លងមកនេះ ថ្នាក់ដឹកនាំរដ្ឋសភា គណៈកម្មការនានារដ្ឋសភា ព្រមទាំងសមាជិក សមាជិការដ្ឋសភា បានចុះបំពេញការងារយ៉ាងសកម្ម នៅតាមមណ្ឌល រាជធានី ខេត្តនៅទូទាំងប្រទេស ដើម្បីស្វែងយល់អំពី ស្ថានភាពជាក់ស្តែងមានជាអាទិ៍អំពីវឌ្ឍនភាព តម្រូវការ បញ្ហាប្រឈម និងក្តីកង្វល់នានារបស់ប្រជារាស្ត្រ និងបានជួយអន្តរាគមន៍ ដោះស្រាយបញ្ហា ប្រឈម និងសំណូមពរ ជូនដល់ប្រជារាស្ត្រ បានយ៉ាងច្រើនគួរកោតសរសើរ។

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជអង្គការបន្ថែមថា សូមចូលរួមអបអរសាទរចំពោះសា្ថប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ ដែលបានសហការគ្នាយ៉ាងល្អ ក្នុងការជំរុញការអនុវត្តច្បាប់ កម្មវិធីនយោបាយ និងយុទ្ធសាស្ត អភិវឌ្ឍជាតិ ក្នុងស្មារតីកសាង និងអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើនប្រសើរ ឡើងជាលំដាប់ ជាប្រទេសដែលមានការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព និងបរិយាបន្ន ដោយបន្តជំរុញការធ្វើសមាហរណកម្ម និងពិពិធកម្មសេដ្ឋកិច្ចទៅក្នុងតំបន់ និងសកល ជាពិសេសលើ វិស័យកសិ-ឧស្សាហកម្ម ឧស្សាហកម្ម ទេសចរណ៍ បច្ចេកវិទ្យា នវានុវត្តន៍ និងអភិវឌ្ឍន៍ជនបទ។

សូមជម្រាបថា របៀបវារៈក្នុងឱកាសបើកសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ មានចំនួន២៩។ បន្ទាប់ពីស្តាប់ព្រះរាជសារ ព្រះរាជសារព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ និង របាយការណ៍សង្ខេបស្ដីពី សកម្មភាពការងាររបស់រដ្ឋសភា ចម្លោះសម័យប្រជុំរដ្ឋសភាលើកទី៣ និងលើកទី៤ នីតិកាលទី៧ រួចមកអង្គរដ្ឋសភា និងធ្វើការពិភាក្សាសេចក្តីព្រាងច្បាប់ ដែលមានក្នុងរបៀបវារៈម្តងមួយៗ តាមនីតិវិធី៕