
អគ្គនាយកដ្ឋានពន្ធដារ ចេញសេចក្តីជូនដំណឹង ជម្រាបជូនដល់ម្ចាស់យានយន្តគ្រប់ប្រភេទ ស្តីពីការប្រមូលពន្ធលើមធ្យោបាយ ដឹកជញ្ជូនសម្រាប់ឆ្នាំ ២០២៥ ដែលនឹងត្រូវអនុវត្តចាប់ផ្តើមពីថ្ងៃទី១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខ។

ជុំវិញប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៥ នេះ, អគ្គនាយកដ្ឋានពន្ធដារ ជម្រាបជូនដំណឹងដល់ម្ចាស់យាន យន្ត និងសាធារណជន អំពីការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៥ ក្នុងនោះយានយន្តទាំងអស់ដែលធ្លាប់ចុះបញ្ជី ក្នុងប្រព័ន្ធគ្រប់គ្រងពន្ធមធ្យោបាយរបស់អគ្គនាយកដ្ឋានពន្ធដារកន្លងមក ទាំងមានបណ្ណសម្គាល់ការបង់ពន្ធ និងពុំមានបណ្ណ សម្គាល់ការបង់ពន្ធត្រូវបានអនុញ្ញាតឱ្យម្ចាស់យានយន្តបង់ពន្ធ។
ម្ចាស់យានយន្តពុំតម្រូវឱ្យបំពេញលិខិតប្រកាសបង់ពន្ធលើមធ្យោបាយដឹក ជញ្ជូននោះទេ ដោយគ្រាន់តែបង្ហាញ ឬភ្ជាប់មកនូវឯកសារដែលអាចបញ្ជាក់អត្តសញ្ញាណយានយន្តណាមួយដូចជា៖ បណ្ណសម្គាល់ យានយន្ត ឬបង្កាន់ដៃទទួលប្រាក់ពន្ធលើមធ្យោបាយដឹកជញ្ជូន ឬលតាបត្របង់ពន្ធឆ្នាំចាស់ សម្រាប់ឱ្យមន្ដ្រីពន្ធដារ ឬបុគ្គលិកធនាគារ ពាណិជ្ជដៃគូធ្វើការផ្ទៀងផ្ទាត់ទិន្នន័យក្នុងប្រព័ន្ធគ្រប់គ្រងពន្ធមធ្យោបាយរបស់អគ្គនាយកដ្ឋានពន្ធដារ។

ចំពោះយានយន្តថ្មី ដែលត្រូវចុះបញ្ជីលើកដំបូង ម្ចាស់យានយន្តត្រូវដាក់លិខិតប្រកាសបង់ពន្ធចំនួន ២សន្លឹក តាមទម្រង់ VT 001 របស់អគ្គនាយកដ្ឋានពន្ធដារ ដោយភ្ជាប់មកជាមួយនូវឯកសាររួមមាន៖ បណ្ណសម្គាល់យានយន្ត អត្តសញ្ញាណបណ្ណផ្ទាល់ របស់ កម្មសិទ្ធិករ និងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ចំពោះរថយន្តដឹកទំនិញ និងរថយន្តដឹកអ្នកដំណើរ។
ម្ចាស់យានយន្តអាចធ្វើការបង់ពន្ធនៅអគ្គនាយកដ្ឋានពន្ធដារ ឬនៅសាខាពន្ធដារខេត្ត-ខណ្ឌ ឬនៅធនាគារដៃគូដែលបានចុះ អនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឬអាចបង់តាមរយៈកម្មវិធី “GDT Taxpayer App” ដែលអាច ទាញយកចេញពី App Store ចំពោះ iOS ឬ Play Store ចំពោះ Android សម្រាប់យានយន្តដែលធ្លាប់បានប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនកន្លងមក។
ក្នុងករណីខកខានមិនបានបង់ពន្ធទាន់ពេលវេលាកំណត់ខាងលើ ម្ចាស់យានយន្តនឹងត្រូវទទួលរងនូវពិន័យ តាមច្បាប់ ស្តីពីសារពើពន្ធជាធរមាន។ អគ្គនាយកដ្ឋានពន្ធដារ នឹងចេញលិខិតជូនដំណឹងដល់លំនៅឋានម្ចាស់យានយន្ត ឬសហការជាមួយ អាជ្ញាធរមានសមត្ថកិច្ច ជាពិសេសនគរបាលចរាចរណ៍ និងកងរាជអាវុធហត្ថ ដើម្បីចុះត្រួតពិនិត្យការអនុវត្តប្រមូលពន្ធនេះ នៅតាម ដងផ្លូវនានា បន្ទាប់ពីបិទបញ្ចប់ការប្រមូលពន្ធនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥៕



Leave a Reply