
ព្រះសីហនុ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងប្រកាសថា ជំហររបស់កម្ពុជា ចំពោះមិត្តចិន គឺប្រកាន់ភ្ជាប់ឥតងាករេចំពោះនយោបាយចិនមួយ និងគាំទ្រការផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ និងគំនិតផ្តួចផ្តើមផ្សេងៗទៀត។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ការទទួលបានក្រុមហ៊ុនវិនិយោគ ចំនួន២០០ និង សំណេះសំណាល ជាមួយបងប្អូនកម្មករនិយោជិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ប្រមាណ ៣២០០០ម៉ឺននាក់ នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានរំលឹកថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ យូរអង្វែងរបស់កម្ពុជា-ចិន ដែលមានការវិវត្តន៍ ចាប់ពីកិច្ចសហប្រតិបត្តិការ ភាពជាដៃគូគ្រប់ជ្រុងជ្រោយ រហូតមកដល់កិច្ចសហប្រតិបត្តិការត្បូងពេជ្រ សំដៅកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន នៅក្នុងយុគសម័យគ្រប់រដូវការ ក៏ជាកម្លាំងចលករដ៏សំខាន់បំផុត ដែលមិនអាចខ្វះបាន នៅក្នុងការជំរុញឱ្យទទួលបានសមទ្ធផល ភាពជោគជ័យតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ និងការរីកចម្រើនទូទាំងខេត្តព្រះសីហនុ ក៏ដូចជាទូទាំងប្រទេស ។
បន្ថែមលើនេះសម្តេចបវរធិបតី បានថ្លែងថា មិត្តចិនតែងតែជួយគាំទ្រដល់កម្ពុជា នៅគ្រប់កាលទេសៈ និងគ្រប់វិស័យ ខណៈដែលទំនាក់ទំនងកម្ពុជា-ចិន បានកសាងឡើង ដោយឈរលើមូលដ្ឋាន នៃទំនុកចិត្តផ្នែកនយោបាយ និងការគោរពគ្នាទៅវិញទៅមក ចំពោះឯករាជ្យភាព និងអធិបតេយ្យភាព និងបានបន្តរីកចម្រើនកាន់តែរឹងមាំឡើងៗ រហូតវិវត្តន៍ទៅជាមិត្តភាពដែកថែប ដែលត្រូវបានគាំទ្រដោយការផ្លាស់ប្តូរ ទស្សនកិច្ចកម្រិតខ្ពស់ជាញឹកញ៉ាប់ រួមទាំងការប្រាស័យទាក់ទងគ្នាជាយុត្តិសាស្ត្រ។
សម្តេចបវរធិបតី បានឱ្យដឹងថា នៅជំនួបក្នុងអំឡុងទស្សនកិច្ចផ្លូវរដ្ឋ នៅក្នុងខែមេសា ឆ្នាំ២០២៥ សម្តេចផ្ទាល់និងប្រធានាធិបតីចិន មិនត្រឹមតែបានបញ្ជាក់សារជាថ្មី អំពីការប្តេជ្ញាចិត្តឥតងាករេ ចំពោះទំនាក់ទំនងមិត្តភាពដែកថែប កម្ពុជា-ចិន ប៉ុណ្ណោះទេ ថែមទាំងបានពង្រឹង និងធ្វើឱ្យស៊ីជម្រៅថែមទៀត នូវភាពជាដៃគូយុត្តិសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការឈ្នះ ឈ្នះ រវាងប្រទេសទាំងពីរផងដែរ។
សម្តេចបវរធិបតី បន្ដថា «មិត្តចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុត និងជាប្រភពដ៏សំខាន់បំផុត នៃការវិនិយោគរបស់កម្ពុជាមកដល់ពេលនេះ។ ជំហររបស់កម្ពុជា ចំពោះមិត្តចិន គឺប្រកាន់ភ្ជាប់ឥតងាករេចំពោះនយោបាយចិនមួយ និងគាំទ្រការផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ និងគំនិតផ្តួចផ្តើមផ្សេងៗទៀត»៕



Leave a Reply