សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យបន្ដលើកកម្ពស់សមត្ថភាពផ្នែកបច្ចេកវិទ្យា-ឌីជីថល ដល់គ្រូបង្រៀន និងនាយកសាលាគ្រប់កម្រិត

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំឱ្យក្រសួងអប់រំ យុវជន និងកីឡា ត្រូវបន្តលើកកម្ពស់សមត្ថភាពផ្នែកបច្ចេកវិទ្យា-ឌីជីថល ដល់គ្រូបង្រៀន តាមរយៈការបញ្ចូលបច្ចេកវិទ្យាឌីជីថលក្នុងការបង្រៀន និងការរៀន។ 

ការណែនាំរបស់ សម្ដេចនា យករដ្ឋមន្រ្តី បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញសម្ពោធសមិទ្ធផលនានា នៅវិទ្យាស្ថានជាតិអប់រំ និងប្រគល់សញ្ញាបត្រជូននិស្សិត និងគរុនិស្សិត នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥។

បន្ថែមពីនេះ ការកែលម្អមាតិកាឌីជីថល ការបង្កើតមជ្ឈមណ្ឌលអប់រំឌីជីថល ព្រមជាមួយការផ្សព្វផ្សាយវេទិកាឌីជីថលឱ្យបានទូលំទូលាយ និងការធ្វើទំនើបកម្មការបណ្ដុះបណ្ដាលនាយកសាលាគ្រប់កម្រិត ក៏ជាអ្វីដែលសម្ដេចនាយករដ្ឋមន្រ្តីបានណែនាំទៅកាន់ក្រសួងអប់រំយុវជន និងកីឡាផងដែរ។

សម្ដេច នាយករដ្ឋមន្រ្តី មានប្រសាសន៍ថា «ក្រសួងអប់រំយុវជន និងកីឡា ត្រូវបន្តលើកម្ពស់សមត្ថភាពផ្នែកបច្ចេកវិទ្យាឌីជីថល ដល់គ្រូបង្រៀនតាមរយៈការបញ្ចូលបច្ចេកវិទ្យាឌីជីថល ក្នុងការបង្រៀន និងការរៀន ការកែលម្អរមាតិការឌីជីថល ការបង្កើតមជ្ឈមណ្ឌលឌីជីថល ការផ្សព្វផ្សាយវេទិការឌីជីថល ឱ្យបានទូលំទូលាយ និងការធ្វើទំនើបបកម្ម ការបណ្ដុះបណ្ដាលនាយកសាលាគ្រប់កម្រិត»៕