សម្ដេច នាយករដ្ឋមន្ដ្រី ថា អ្នកសិក្សាសន្សំបាន ទ្រព្យសម្បត្តិជាចំណេះដឹងមិនចេះរីងស្ងួត សម្រាប់មួយជីវិត 

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងឱ្យដឹងថា អ្នកសិក្សាសន្សំបាន «ទ្រព្យសម្បត្តិជាចំណេះដឹងមិនចេះរីងស្ងួត» សម្រាប់មួយជីវិត ដែលអាចយកទៅប្រើប្រាស់សម្រាប់អភិវឌ្ឍខ្លួនឯង និងក្រុមគ្រួសារ ក្រោមរូបភាព ជាការងារ, ការវិនិយោគ ឬសហគ្រិនភាព។

នាឱកាសអញ្ជើញជាអធិបតីសម្ពោធសមិទ្ធផលកំណែទម្រង់វិទ្យាស្ថានជាតិអប់រំ និងពិធីប្រគល់សញ្ញាបត្រជូនដល់ និស្សិត គរុនិស្សិត នៃវិទ្យាស្ថានជាតិអប់រំ នៅថ្ងៃពុធ ទី២១ ខែឧសភា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា និស្សិត និងគរុនិស្សិតជ័យលាភីទាំងអស់ នឹងខិតខំពុះពារ ជម្នះរាល់ឧបសគ្គ ដើម្បីកសាងខ្លួនឱ្យស័ក្តិសមជាពលរដ្ឋល្អ, មន្ត្រីរាជការល្អ បុគ្គលិកល្អ, ដោយប្រើនូវចំណេះ និង ជំនាញពិតប្រាកដរបស់ខ្លួន ប្រកបដោយមនសិការ, វិជ្ជាជីវៈ, សីលធម៌ល្អ និង ការដាក់ខ្លួនបម្រើប្រជាជនដោយស្មោះស ដើម្បីបុព្វហេតុជាតិមាតុភូមិ។

សម្តេចបវរធិបតី បន្ដថា រាជរដ្ឋាភិបាលផ្ដល់អាទិភាពខ្ពស់ចំពោះវិស័យអប់រំ និង ការបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយសារការអប់រំ និងការបណ្តុះបណ្តាលធនធានមនុស្ស ឱ្យមានចំណេះដឹងទូលំទូលាយ, ជំនាញច្បាស់លាស់ និង សីលធម៌វិជ្ជាជីវៈ អាចធានានូវប្រសិទ្ធភាព, បរិយាប័ន្ន និង ចីរភាព នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ព្រមទាំងអាចឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែង នៃទីផ្សារការងារ, ទាំងក្នុងស្រុក, តំបន់ និងសកល។

សម្តេចបវរធិបតី បន្ដថា លើសពីនេះការអប់រំមិនត្រឹមតែ បង្កើតធនធានមនុស្សសម្រាប់ការអភិវឌ្ឍជាតិប៉ុណ្ណោះទេ ប៉ុន្តែវិស័យនេះ បង្កើតនូវផលប្រយោជន៍ជាច្រើនសម្រាប់កម្ពុជា រួមទាំងផលប្រយោជន៍សេដ្ឋកិច្ចផ្ទាល់សម្រាប់អ្នកទទួល បានការអប់រំ និងការបណ្ដុះបណ្ដាល, និង ផលប្រយោជន៍សម្រាប់សង្គមជាតិទាំងមូល។

សម្តេចបវរធិបតី មានប្រសាសន៍ថា «ជាក់ស្ដែងអ្នកសិក្សាសន្សំបាន «ទ្រព្យសម្បត្តិជាចំណេះដឹងមិនចេះរីងស្ងួត» សម្រាប់មួយជីវិត ដែលអាចយកទៅប្រើប្រាស់សម្រាប់អភិវឌ្ឍខ្លួនឯង និងក្រុមគ្រួសារ ក្រោមរូបភាពជាការងារ, ការវិនិយោគ ឬសហគ្រិនភាព។ ជាមួយគ្នានេះ, ការអប់រំបង្កើតឱ្យមានផលប្រយោជន៍សម្រាប់សង្គមជាតិជាច្រើន»៕