រដ្ឋមន្ត្រីក្រសួងបរិស្ថាន ៖ កម្ពុជា បោះជំហានលើមាគ៌ាបៃតង ឆ្ពោះទៅរកអព្យាក្រឹត្យកាបូន និងអភិវឌ្ឍដោយចីរភាព

ភ្នំពេញ ៖ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ក្នុងវេទិកាដ៏សំខាន់មួយស្តីពី «មាគ៌ាបៃតង៖ ទំនាក់ទំនងរវាងការគ្រប់គ្រងតំបន់ទេសភាពជាមួយនឹងធនធានជីវៈចម្រុះ និងសេវាកម្មប្រព័ន្ធអេកូឡូស៊ីសម្រាប់អនាគត ប្រកបដោយចីរភាព» លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា កម្ពុជាកំពុងបោះជំហានយ៉ាងម៉ឺងម៉ាត់លើមាគ៌ាបៃតង ឆ្ពោះទៅរកអព្យាក្រឹត្យកាបូន និងការអភិវឌ្ឍប្រកបដោយចីរភាព។

លោកបណ្ឌិត បានថ្លែងបន្តថា កម្ពុជាបាននិងកំពុងចូលរួមយ៉ាងសកម្ម និងស្មើមុខស្មើមាត់ជាមួយសហគមន៍អន្តរជាតិក្នុងកិច្ចការពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ប្រព័ន្ធអេកូឡូស៊ី និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ ការផ្សារភ្ជាប់គោលនយោបាយបរិស្ថានជាតិ និងសកល ជាមួយនឹងការអនុវត្តជាក់ស្តែងនៅតាមមូលដ្ឋាន គឺជាគន្លឹះដ៏សំខាន់ក្នុងការបង្កើនសមត្ថភាព និងជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន តាមរយៈការអភិវឌ្ឍនៅនឹងកន្លែង។

ឧទាហរណ៍ជាក់ស្តែងរួមមានការអភិវឌ្ឍនៅតំបន់ភ្នំគូលែន គិរីរម្យ និងភ្នំខ្នងផ្សារ ដែលធ្វើឡើងស្របតាមអនុសាសន៍ណែនាំ និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះ ក្រុមការងារមូលនិធិបរិស្ថានសកល (GEF) ក៏បានវាយតម្លៃខ្ពស់ចំពោះការអនុវត្តគម្រោងរបស់កម្ពុជា ជាពិសេសក្រសួងបរិស្ថាន។ តាមរយៈវេទិកានេះ និងកិច្ចសហប្រតិបត្តិការនានា កម្ពុជានឹងបន្តចែករំលែកលទ្ធផល បទពិសោធន៍ និងគំនិតថ្មីៗ ដើម្បីលើកកម្ពស់ការគ្រប់គ្រងតំបន់ការពារទេសភាព ការការពារ និងអភិរក្សធនធានធម្មជាតិ ជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី ស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន និងរួមចំណែកដល់ចក្ខុវិស័យកម្ពុជាជាប្រទេសអព្យាក្រឹត្យកាបូននៅឆ្នាំ២០៥០។

លោក រដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រី Allisar Chaker នាយកប្រចាំប្រទេសកម្ពុជារបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) មូលនិធិបរិស្ថានសកល (GEF) និងដៃគូពាក់ព័ន្ធផ្សេងទៀតដូចជា Wildlife Alliance, WCS, CI ចំពោះការគាំទ្ររបស់ពួកគេក្នុងការជំរុញការផ្លាស់ប្តូរឆ្ពោះទៅរកឯករាជ្យភាព ភាពធន់ដោយខ្លួនឯង និងការចូលរួមចំណែកយ៉ាងសកម្មក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ៕