ពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន ខណៈព័ត៌មានក្លែងក្លាយជិត ៩០០ករណី ត្រូវបានកត់ត្រា ក្នុងត្រីមាសទី១

ភ្នំពេញ ៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានអំពាវនាវជាថ្មីឲ្យសាធារណជនបន្តយកចិត្តទុកដាក់នៅក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។

ខណៈក្នុងត្រីមាសទី១ នៃឆ្នាំ២០២៥ គណៈកម្មការប្រឆាំងនឹងព័ត៌មានក្លែងក្លាយ របស់ក្រសួង នៅបន្តកត់ត្រាអំពីករណី នៃព័ត៌មានក្លែងក្លាយបានជាបន្តបន្ទាប់។

លោក ទេព អស្នារិទ្ធ បានបញ្ជាក់ថា «នៅត្រីមាសទី១នៃឆ្នាំ២០២៥ គណៈកម្មការប្រឆាំងនឹងព័ត៌មានក្លែងក្លាយរបស់ក្រសួងបានកត់ត្រាព័ត៌មានក្លែងក្លាយសរុបចំនួន ៨៨៤ករណី»។

ក្នុងស្ថានភាពបែបនេះ អ្នកនាំពាក្យ បានបន្ថែមថា យុវជន ប្រជាពលរដ្ឋ អ្នកប្រើប្រាស់ និងអ្នកផលិតមាតិកាបណ្តាញសង្គមនានា គួរតែយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះឥទ្ធិពលអវិជ្ជមានដែលបង្កឡើងដោយការបង្កើត ការចែកចាយព័ត៌មាននៅលើបណ្តាញសង្គម និងឥទ្ធិពលអាក្រក់ ដែលកើតចេញពីការប្រើប្រាស់បណ្តាញសង្គម គ្មានការទទួលខុសត្រូវ ការផ្សព្វផ្សាយព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ គ្មានវិជ្ជាជីវៈ និង គ្មានការផ្ទៀងផ្ទាត់ត្រឹមត្រូវ។

លោក បានបញ្ជាក់ថា «ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋ យុវជន ទាំងអស់ សូមធ្វើជាពលរដ្ឋឌីជីថលល្អនៅថ្ងៃនេះនិងនៅថ្ងៃមុខ កុំបង្កើត កុំចែកចាយព័ត៌មានក្លែងក្លាយ ព័ត៌មានបំពុលសង្គម រាប់ទាំងព័ត៌មានក្លែងក្លាយដែលបង្កើតឡើងដោយបច្ចេកវិទ្យាសិប្បនិម្មិត (AI )។ ជានិច្ចជាកាលសូមផ្ទៀងផ្ទាត់រាល់ព័ត៌មានដែលទទួលបាន ជាពិសេសគឺពីបណ្តាញសង្គម ដើម្បីទាំងអស់គ្នាចូលរួមទប់ស្កាត់ ដើម្បីឈានទៅបញ្ចប់នូវព័ត៌មានក្លែងក្លាយ នៅក្នុងសង្គម ដើម្បីការពារខ្លួនយើង គ្រួសារ និងសង្គមជាតិ»។

អ្នកនាំពាក្យ បានបន្ថែមថា គ្រប់ប្រភេទនៃព័ត៌មានក្លែងក្លាយ គឺសុទ្ធតែមានឥទ្ធិពលអវិជ្ជមាន មកលើសន្តិសុខសណ្តាប់ធ្នាប់ និងនយោបាយ ពោលគឺព័ត៌មានក្លែងក្លាយអាចបង្កអស្ថិរភាព បង្កើតឲ្យមានអំពើហិង្សា ដែលបណ្តាលឲ្យកើតមានអរិយភាពនៅក្នុងសង្គម ប្រជាពលរដ្ឋបាត់ទំនុកចិត្តមកលើថ្នាក់ដឹកនាំ ហើយអាចឲ្យសង្គមបែកបាក់សាមគ្គីភាពព្រមទាំង បង្ក ព្យសនកម្ម និង មហន្តរាយដែលមិនអាចនឹកស្មានដល់។

សូមរំលឹកថា កាលពីឆ្នាំ២០២៤កន្លងទៅ គណៈកម្មការប្រឆាំងនឹងព័ត៌មានក្លែងក្លាយ របស់ក្រសួង បានកត់ត្រាព័ត៌មានក្លែងក្លាយសរុប ចំនួន ៣,៦៥១ករណី។ ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយទាំងនេះ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ ក្រសួងព័ត៌មាន បានបើកយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោមប្រធានបទ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ»៕