
ត្បូងឃ្មុំ ៖ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ បានជំរុញដល់គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា រួមទាំងសាសនិកឥស្លាមទាំងអស់ ត្រូវបន្ដស្មារតី «សុខដុមនីយកម្មជាតិសាសន៍ និងសាសនា» ប្រកបដោយសាមគ្គីភាព និងមិត្តភាព និងបន្ដទំនាក់ទំនងល្អជាមួយសហគមន៍សាសនាដ៏ទៃទៀត ទាំងថ្នាក់ជាតិ និងអន្ដរជាតិ។

ការលើកឡើងរបស់ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ក្នុងឱកាសអញ្ជើញជាអធិបតីតំណាង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងពិធីបិទការប្រឡងសូធ្យលើកទី៣២ និងប្រឡងសូធ្យចាំមាត់លើកទី៦ គម្ពីរអាល់គួរអានុលការីមថា្នក់ជាតិ ឆ្នាំ២០២៥។ ពិធីនេះត្រូវបានប្រព្រឹត្តទៅនៅវិហារធំឥស្លាម ជំនីក ស្ថិតក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ក៏បានសំណូមពរដល់សហគមន៍ខ្មែរឥស្លាម ត្រូវបន្តប្រពៃណីផូរផង់ គឺការប្រព្រឹត្តអំពើល្អ ដែលជាគោលការណ៍ធម៌នៃគម្ពីរអាល់គួរអានុលការីម និងប្រសាសន៍ ព្យាការីមូហាម៉ាត់ ដោយយើងទាំងអស់គា្នត្រូវចាំថា គោលការណ៍ចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា សម្ដេចតេជោ និងសម្ដេចធិបតី គឺប្រកាន់យកតែអំពើល្អដែលជាត្រីវិស័យនាំឲ្យកម្ពុជា សម្រេចបានសមិទ្ធផលជាច្រើនមកដល់សព្វថ្ងៃនេះ។

ក្នុងន័យនេះ ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏អំពាវនាវដល់បងប្អូនខ្មែរឥស្លាម សូមចូលរួមក្នុងការថែរក្សាមរតកសន្តិភាពដ៏ថ្លៃថ្លា និងជៀសវាងនូវអំពើអបាយមុខទាំងឡាយ ដូចជាអំពើខុសច្បាប់នានា អំពើហិង្សា ការប្រើប្រាស់និងជួញដូរគ្រឿងញៀន ដោយប្ដូរមកវិញជាមួយនឹងការខិតខំសិក្សា បង្កើនចំណេះដឹង ឲ្យសមស្របទៅនឹងសម័យកាលឌីជីថល។

លើសពីនេះ ត្រូវបង្កើនសកម្មភាពសង្គមឲ្យបានផុសផុលបន្ថែមទៀត ដោយក្នុងនោះ គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា និងភាគីពាក់ព័ន្ធនានា ត្រូវបង្កើនកិច្ចការមនុស្សធម៌ ការអប់រំ ការអភិវឌ្ឍ និងសកម្មភាពជាប្រយោជន៍នានាដោយឈរលើគោលការណ៍ជំនឿសាសនា និងគោរពតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា៕





Leave a Reply