ភ្នំពេញ ៖ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ជាថ្ងៃគម្រប់ខួប៦ឆ្នាំ ដែលទូក ង វែងជាងគេរបស់កម្ពុជា បានបំបែកឯតទគ្គកម្មពិភពលោក Guinness World Records កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយបច្ចុប្បន្នទូក ង មួយនេះកំពុងតម្កល់រក្សាទុក ក្នុងរោងដ៏រឹងមាំនិងស្រស់ស្អាត ស្ថិតនៅភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង (មុខសាលាខេត្ត) ដើម្បីទុកជូនសាធារណៈជន ភ្ញៀវជាតិនិងអន្តរជាតិ មកទស្សនា ទូក ង ដែលកើតចេញពីស្នាដៃនិងគំនិតរបស់កូនខ្មែរ ។

សូមរម្លឹកជូនថា ទូក ង វែង ជាងគេរបស់កម្ពុជា ដែលជាប់ឯតទគ្គកម្មពិភពលោក Guinness World Records កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ មានប្រវែងសរុប ៨៧.៣ម៉ែត្រ ទទឹង ១.៩៤ ម៉ែត្រ ជម្រៅ ០.៨ម៉ែត្រ និង មានចំណុះទូក ១៧៩នាក់។ ទូក ង នេះ ត្រូវបានប្រសិទ្ធនាមថា «កម្ពោជិកបុត្តាខេមរាតរី» ដែលមានអត្ថន័យ ថា ទូក ង របស់កូនខ្មែរ នៅក្នុងដែនដីកម្ពុជា”។

វត្តមានរបស់ «កម្ពោជិកបុត្តាខេមរាតរី» ជានិមិត្តរូបនៃព្រលឹងដូនតាខ្មែរ ដែលស្ថិតនៅជាមួយកូនខ្មែរគ្រប់រូបជាអមតៈ និងជាសក្ខីភាពបង្ហាញថា “ខ្មែរសាមគ្គី ខ្មែរឈ្នះ”។ ស្នាដៃដ៏អស្ចារ្យនេះ នឹងរួមចំណែកលើកតម្កើង កិត្យានុភាពជាតិលើឆាកអន្តរជាតិ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈវិស័យទេសចរណ៍ និងវិស័យជាច្រើនទៀតផងដែរ។

«កម្ពោជិកបុត្តាខេមរាតរី»ត្រូវបានផលិតសម្រេចជាស្ថាពររហូតដល់ជាប់កំណត់ត្រាឯតទគ្គកម្មពិភពលោកនាពេលនោះ ក្រោមការដឹកនាំផ្ទាល់របស់ ឯកឧត្តម បណ្ឌិត ងិន បាណាល់ អនុប្រធានគណៈកម្មការផលិត និងរៀបចំពិធីបង្ហាញទូក ង (Dragon Boat) ដើម្បីបំបែកឯតទគ្គ កម្មពិភពលោក (Guinness World Records) ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការផលិតនិងរៀបចំពិធីបង្ហាញទូក ង ដើម្បីបំបែកឯតទគ្គកម្មពិភពលោក និងមានការគាំទ្រពីសំណាក់ ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រួមទាំងមានការលើកទឹកចិត្តយ៉ាងពេញទំហឹងពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ៕
Leave a Reply