ករណីគ្រោះថ្នាក់ចរាចរណ៍នៅខណ្ឌចំការមន ! សមត្ថកិច្ច កំពុងកសាងសំណុំរឿង អ្នកបេីកបរជាមន្ដ្រីនគរបាល​ បញ្ជូនទៅតុលាការចាត់ការ

ភ្នំពេញ​ ៖​ តាមបទបញ្ជាផ្ទាល់របស់​ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ករណីគ្រោះថ្នាក់ចរាចរណ៍នៅលើកំណាត់ផ្លូវនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បណ្តាលឲ្យជនរងគ្រោះម្នាក់ស្លាប់ និងរងរបួសធ្ងន់និងស្រាល០៥នាក់នោះ អ្នកបើករថយន្តដែលជាមន្ត្រីនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់។ 

នេះបេីយោងតាមគេហទំព័រហ្វេសប៊ុករបស់​ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ នៅថ្ងៃទី១៦​ ខែឧសភា​ ឆ្នាំ២០២៥។ 

សូមបញ្ជាក់ថា​ កាលពីថ្ងៃទី១៥ខែឧសភា ឆ្នាំ២០២៥វេលាម៉ោង១៣និង៥៧នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកេីតឡេីង ត្រង់ចំណុច មុខក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បង្កឡើងដោយរថយន្តLEXUS RX400H បុករះ ម៉ូតូកង់បីចំនួន ០៣គ្រឿង ម៉ូតូ០១គ្រឿង និងរថយន្ត០១គ្រឿង។

រថយន្តម៉ាក LEXUS RX400H ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 2AO.2188 ធ្វើដំណើរតាមបណ្ដោយមហាវិថីព្រះនរោត្តម បើកបរក្នុងទិសដៅ ពីត្បូងទៅជើង លុះបើកមកដល់ចំណុចកើតហេតុខាងលើ បានបុករះពីក្រោយយានជាច្រើនគ្រឿងដែលធ្វើដំណើរស្របទិសគ្នា ។​ ហេតុការណ៍នេះបង្កឲ្យមានមនុស្សស្លាប់០១នាក់

រងរបួសធ្ងន់០២នាក់ និងរងរបួសស្រាល០៣ស្រាល។

-មូលហេតុគ្រោះថ្នាក់គឺ ៖​ អ្នកបើកបររថយន្តLEXUS RX400H បើកបរលឿនខ្វះការប្រុងប្រយ័ត្ន និងបើកបរមានជាតិស្រវឹងមានអត្រាជាតិអាល់កុល0.35mg/L៕