ស្រាវជ្រាវឃាត់ក្មេងទំនើង២នាក់ ជិះម៉ូតូបង្ហោះតាមដងផ្លូវជាសាធារណៈ យកមកអប់រំ តែម៉ូតូទុក០៣ខែ

ភ្នំពេញ ៖ លោក ថេង សុថុល អភិបាលខណ្ឌ បានបញ្ជាឱ្យលោកវរសេនីយ៍ទោ ជុន ប៊ុនណាត អធិការនគរបាលខណ្ឌ៧មករា ធ្វើការស្រាវជ្រាវរហូតដល់ឃាត់ខ្លួនក្មេងទំនើងចំនួន០២នាក់ យកមកធ្វើការអប់រំ ក្រោយឃើញបណ្ដាញសង្គមបង្ហោះជាសាធារណៈ នូវសកម្មភាព ជិះម៉ូតូបង្ហោះតាមដងផ្លូវ ធ្វើឲ្យប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ ក៏ដូចជាប្រជាពលរដ្ឋអ្នកធ្វើដំណើរ។

បន្ទាប់ពីទទួលបាន បញ្ជាពីលោកអភិបាលខណ្ឌ៧មករា  លោក ជុន ប៊ុនណាត អធិការនគរបាលខណ្ឌ បានចាត់ឱ្យមន្ត្រីជំនាញ ធ្វើការស្រាវជ្រាវបន្ទាន់ភ្លាម រហូតកំណត់បានអត្តសញ្ញាណ និងឈានដល់ការឃាត់ខ្លួនក្រុមក្មេងទាំង០២នាក់នេះ យកមកអធិការដ្ឋាននគរបាលខណ្ឌធ្វើការអប់រំណែនាំ និងឲ្យអាណាព្យាបាលមកធ្វើកិច្ចសន្យាធានាអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ ចំណែកម៉ូតូត្រូវបានអាជ្ញាធរដកហូតរក្សាទុកនៅអធិការនគរបាលខណ្ឌ រយៈពេល០៣ខែទើបឲ្យយកទៅវិញ។

គួរបញ្ជាក់ផងដែរថា កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ មានក្រុមក្មេងទំនើងពីរនាក់ ជិះម៉ូតូមួយគ្រឿងម៉ាកនិច ពាក់ស្លាកលេខភ្នំពេញ 1KU-7244 បង្ហោះតាមបណ្ដោយផ្លូវលេខ២១៥ ទិសដៅពីស្ដុបអាងទឹកទៅស្តុបផ្សាដេប៉ូ មូលដ្ឋានសង្កាត់វាលវង់ ខណ្ឌ៧មករា ជាសាធារណៈបង្ករភាពអនាធិបតេយ្យ ដែលអាចនឹងធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋអ្នកធ្វើដំណើរ តាមដងផ្លូវផងដែរ៕ ដោយ ៖ រាជសីហ៍០៣