ធនាគារកណ្តាលវៀតណាមត្រៀមលក់ប្រាក់ដុល្លារអាមេរិក ដើម្បីរក្សាអត្រាប្តូរប្រាក់ឱ្យមានស្ថិរភាព 

ហាណូយ ៖  មន្ត្រីរដ្ឋាភិបាលវៀតណាម លោកស្រី ង្វៀន ធីហុង បាននិយាយនៅថ្ងៃចន្ទ ទី១១ ខែវិច្ឆិកានេះថា ធនាគារកណ្តាលវៀតណាមបានត្រៀមខ្លួនរួចជាស្រេច ក្នុងការលក់ប្រាក់ដុល្លារអាមេរិក ទៅកាន់ទីផ្សារដើម្បីរក្សាស្ថិរភាពអត្រាប្តូរប្រាក់។ 

លោកស្រី បានប្រាប់សភានៅទីក្រុងហាណូយថា ទីផ្សារអត្រាប្តូរប្រាក់មានភាពប្រែប្រួល បន្ទាប់ពីការកាត់បន្ថយអត្រាការប្រាក់របស់សហព័ន្ធទុនបំរុង (fed) ហើយលោកស្រីថា ការគ្រប់គ្រងទីផ្សារគឺជាកិច្ចការដ៏លំបាកមួយ។ ធនាគារកណ្តាលនឹងផ្តល់អាទិភាពដល់ការគ្រប់គ្រងស្ថិរភាព និងអតិផរណា ប៉ុន្តែនឹងមានវិធានការដើម្បីគាំទ្រដល់គោលដៅរបស់រដ្ឋាភិបាល ក្នុងការលើកកម្ពស់ល្បឿននៃកំណើនសេដ្ឋកិច្ច។ 

លោកស្រីហុង បានបន្ថែមថា យើងកំពុងបង្កើនកញ្ចប់ប្រាក់កម្ចីអនុគ្រោះលើគម្រោងអភិវឌ្ឍន៍ផ្ទះ សម្រាប់អ្នកដែលមានប្រាក់ចំណូលទាប។ កំណើនសេដ្ឋកិច្ចភាគច្រើនពឹងផ្អែកលើកំណើនឥណទានដ៏រឹងមាំ ប៉ុន្តែប្រាក់កម្ចីសរុបមានខ្ពស់រួចហើយ ដែលស្មើនឹង ១២០% នៃផលិតផលក្នុងស្រុកសរុប វាជាហានិភ័យក្នុងការបន្តការពឹងផ្អែកលើវិធានការបន្ធូរបន្ថយ ៕