អាជ្ញាធរមីន ស្នើគ្រប់ភាគីបន្តគាំទ្រ និងរួមគ្នា ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម

ភ្នំពេញ ៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានស្នើឱ្យក្រសួង-ស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងភាគីពាក់ព័ន្ធទាំងអស់ បន្តគាំទ្រ និងរួមគ្នាដើម្បីសម្រេចបាននូវចក្ខុវិស័យរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។

ការលើកឡើងរបស់ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍលើវិស័យមីន ដែលកិច្ចប្រជុំនេះ មានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធជាសមាជិកនៃក្រុមការងារបច្ចេកទេស នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ នៅទីស្នាក់ការអាជ្ញាធរមីន។

លោកទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងថា រយៈពេលជាង ៣០ឆ្នាំនេះ វិស័យមីននៅកម្ពុជា បានទទួលការគាំទ្រយ៉ាងពេញទំហឹងពី សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តគាំទ្រយ៉ាងមុតមាំពី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដោយសម្រេចបាននូវសមិទ្ធផលយ៉ាងធំធេងសម្រាប់ជាតិមាតុភូមិ ដែលភាពជោគជ័យនេះ ក៏បានមកពីរួបរួមគ្នាពីគ្រប់ក្រសួងស្ថាប័នទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងគ្រប់ភាគីពាក់ព័ន្ធ ផងដែរ។ 

លោកទេសរដ្ឋមន្រ្តី បន្ដថា ប៉ុន្តែទោះបីយ៉ាងណា កម្ពុជានៅបន្តដំណើរយ៉ាងវែងឆ្ងាយទៀតក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ដែលនៅសេសសល់ប្រមាណជា ១.៦៥៧ គីឡូម៉ែត្រក្រឡា  ក្នុងនោះផ្ទៃដីមានមីនមានទំហំ ៤៦៩ គីឡូម៉ែត្រក្រឡា ដែលតម្រូវឱ្យមានការចូលរួមគាំទ្របន្ថែម និងមានការយកចិត្តទុកដាក់ខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធ៕

លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់អះអាងជាថ្មីថា អាជ្ញាធរមីន ដែលជាសេនាធិការឲ្យរាជរដ្ឋាភិបាលកម្ពុជា នឹងបន្តខិតខំសហការយ៉ាងជិតស្និទ្ធ និងព្យាយាមសម្របសម្រួលជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីជំរុញអនុវត្តន៍នូវចក្ខុវិស័យរបស់ សម្តេចធិបតី ឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ក៏ដូចជាធានាថារាល់ធនធានបោសសម្អាតមីនទាំងអស់ នឹងត្រូវប្រើប្រាស់ឲ្យចំគោលដៅជាអាទិភាព៕