
ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតីនៃពិធីចុះអនុស្សរណៈរវាងក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកណ្តាល ស្តីពីការទប់ស្កាត់និងកាត់បន្ថយការបំពុលតំបន់ទឹកសាធារណៈ នៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២៥ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានណែនាំឱ្យលោកប្រធានមន្ទីរបរិស្ថានទាំងអស់ ត្រូវពង្រឹងការអនុវត្តច្បាប់ឱ្យបានម៉ឹងម៉ាត់ ដើម្បីការទប់ស្កាត់និងប្រឆាំងបទល្មើសធនធានធម្មជាតិ នៅក្នុងតំបន់ការពារធម្មជាតិ។

លោក រដ្ឋមន្រ្តី បានមានប្រសាសន៍ជំរុញឱ្យលោកប្រធានមន្ទីរបរិស្ថានទាំងអស់ ពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះឲ្យមានប្រសិទ្ធភាព ដោយអនុវត្តចំណាត់ការមួយចំនួន រួមមាន៖ ត្រូវយករបាយការណ៍មន្រ្តីឧទ្យានុរក្ស ដែលបានចុះល្បាតបំពេញភារកិច្ច និងតួនាទីអនុវត្តច្បាប់នៅតាមតំបន់ការពារធម្មជាតិមកពិនិត្យ។ ធ្វើការពិនិត្យលើផែនទីផ្កាយរណប ដែលក្រសួងបរិស្ថានបានផ្តល់ជូន ថែមទាំងធ្វើការបង្ហោះដ្រូន ដើម្បីធ្វើការពិនិត្យលើស្ថានភាពជាក់ស្តែងនៃតំបន់ការពារធម្មជាតិ។

ក្នុងឱកាសនេះដែរ លោក រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានរំលឹកជាថ្មីអំពីការដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ រួមមាន៖ ការអនុវត្តច្បាប់១០០% មិនមានការ លើកលែងជាដាច់ខាត និងបញ្ចប់នូវវប្បធម៌ចុះកិច្ចសន្យា ហើយដោះលែង ចំពោះអ្នកប្រព្រឹត្តបទល្មើសធនធានធម្មជាតិ។

លោក រដ្ឋមន្រ្តី បន្ដថា ពង្រឹងកិច្ចសហការជាមួយគណៈបញ្ជាការកងឯកភាពរដ្ឋបាលខេត្ត នោះគឺអាជ្ញាធរមូលដ្ឋាន ដែលមានតួនាទី ភារកិច្ចគ្រប់គ្រងធនធានធម្មជាតិ ឱ្យបានស្អិតរមួត ធ្វើការទប់ស្កាត់ការពារនិងអភិរក្សធនធានធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិ និងសហការជាមួយ អង្គភាពប្រឆាំងនឹងអំពើពុករលួយ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រុមអ្នកច្បាប់ ក្រសួងយុត្តិធម៌ បន្ថែមលើកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន៕







Leave a Reply