ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្កោលទោស សកម្មជន៣រូប ដែលបានប្រើឥរិយាបថនិងសម្តី ផ្ទុយពីសីលធម៌ដ៏ល្អរបស់ពូជពង្សខ្មែរ មកកាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាគុណូបការជន បានប្រែក្លាយទឹកដីខ្មែរដែលធ្លាប់បែកបាក់ និរាសព្រាត់ប្រាស ធ្លាក់ដល់ចំណុចសូន្យ ដោយសារភ្លើងសង្គ្រាម ប្រមាណ៣០ឆ្នាំ ឱ្យបានជាទឹកដីសន្តិភាពពេញផ្ទៃប្រទេស ។

យោងតាមសេចក្ដីប្រកាស គាំទ្រសម្ដេចតេជោ និងថ្កោលទោសសកម្មជនឆ្វេងនិយម នៅព្រលប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ មានខ្លឹមសារទាំងស្រុងថា ៖ អ្នកនាំពាក្យ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមជម្រាបជូនសាធារណជនជ្រាបថា ឯកឧត្តមអភិសន្តិបណ្ឌិត មានក្តីរង្កៀសចិត្តយ៉ាងខ្លាំងចំពោះឥរិយាបថ និងសម្តី ដ៏ឃ្មើសឃ្នងរបស់ បុគ្គល៣រូប ដែលតម្កើងខ្លួនជាអ្នកអធិប្បាយឈឺឆ្អាលរឿងរ៉ាវសង្គមជាតិ ជ្រកក្រោមទំព័រ ហ្វេសប៊ុក។ ជាក់ស្តែងថ្មីៗនេះ ជនទាំង៣ រួមទាំងបុគ្គលបំប៉ោងឈ្មោះខ្លួនជា សម្តេច ដែលសកម្មខាងបំពុល បណ្តាញសង្គមខួបប្រាំងខួបវស្សាផងនោះ បាននិយាយបែបចាក់ចេកចាក់ស្ករឱ្យគ្នាទៅវិញមក ដោយប្រើពាក្យសម្តី និងកាយវិការរបៀបសកម្មជនឆ្វេងនិយមមកលើ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាបិតាសន្តិភាព និងជាអគ្គមគ្គុទេសក៍ឯកនៃនយោបាយដឹកនាំរបស់ជាតិ និងប្រជាជនខ្មែរ។


សម្រាប់ជាតិ និងប្រជាជនខ្មែរ រួមទាំង ឯកឧត្តមអភិសន្តិបណ្ឌិត សម្តេចតេជោ ជាគុណូបការជន បានប្រែក្លាយទឹកដីខ្មែរដែលធ្លាប់បែកបាក់ និរាសព្រាត់ប្រាស ធ្លាក់ដល់ចំណុចសូន្យ ដោយសារភ្លើងសង្គ្រាម ប្រមាណ៣០ឆ្នាំ ឱ្យបានជាទឹកដីសន្តិភាពពេញផ្ទៃប្រទេស ប្រជាជនមានស្នាមញញឹម និងក្តីសង្ឃឹម ដ្បិតក្រោម ការដឹកនាំរបស់ សម្តេចតេជោ ទាំងទីប្រជុំជន និងជនបទ គឺមានដូចគ្នានូវ សាលារៀន មន្ទីរពេទ្យ វត្តអារាម ផ្លូវ ទឹក ភ្លើង និងធនធានមនុស្សប្រកបដោយសក្តានុពល ធ្វើឱ្យជាតិមានការរីកចម្រើនជឿនលឿនគ្រប់ វិស័យឈរស្មើមុខស្មើកិត្តិយសលើឆាកអន្តរជាតិ។ មិនត្រឹមតែប៉ុណ្ណោះ សម្តេចតេជោ ជាវីរបុរសជាតិ ជាបិតា សន្តិភាពជាវរជនផ្សះផ្សារបង្រួបបង្រួមជាតិ ជានិម្មិតរូបនៃការតស៊ូ។ ជាក់ស្តែង សម្តេចតេជោ បានគូសវាសជោគវាសនាខ្លួនពីកូនកសិករ ពីក្មេងវត្ត ទៅជានាយករដ្ឋមន្ត្រី ជាប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្ស ប្រជាជនកម្ពុជាដ៏រុងរឿង។

ក្នុងក្របខ័ណ្ឌអន្តរជាតិ សម្តេចតេជោ ជាឥស្សរជនឆ្នើមដែលរួមចំណែក ប្រកៀកស្មាជាមួយបណ្តាប្រមុខរដ្ឋ ប្រមុខរាជរដ្ឋាភិបាល អង្គការសហប្រជាតិ ដាក់ចេញគំនិតផ្តួចផ្តើម ជំរុញសកម្មភាពអនុវត្ត និងដោះស្រាយបញ្ហាសកលទាំងឡាយ ដើម្បីវិបុលភាពមនុស្សជាតិ និងសន្តិភាព ពិភពលោក។ ព្រះបរមរតនកោដ្ឋ ធ្លាប់មានព្រះរាជបន្ទូលថា «ប្រទេសកម្ពុជាមានសំណាង ដោយមាន សម្តេច ហ៊ុន សែន។ យើងត្រូវការ សម្តេច ហ៊ុន សែន ជាច្រើននាក់ទៀត…»។
ក្នុងន័យនេះ អ្នកនាំពាក្យ សូមបញ្ជាក់ជូនថា ឯកឧត្តមអភិសន្តិបណ្ឌិត ចាត់ទុកទង្វើដ៏ទ្រើសឃ្នងរបស់ បុគ្គលទាំង៣រូបនោះ ជាការសាបព្រោះមនោគមវិជ្ជាបរទេសនិយមជ្រុលដ៏អាក្រក់អាក្រី ពោលគឺផ្ទុយស្រឡះ ពីឥរិយាបថ និងសីលធម៌ដ៏ល្អរបស់ពូជពង្សខ្មែរ ដែលមានរាប់រយជំនាន់មកហើយ។ មិនតែប៉ុណ្ណោះ អ្នកនាំពាក្យ ឯកឧត្តមអភិសន្តិបណ្ឌិត សូមទាញចំណាប់អារម្មណ៍សាធារជនជ្រាបដែរថា កម្មវិធីទូរទស្សន៍ក្នុងទម្រង់បែប សន្ទនា ឬបែបអត្ថាធិប្បាយលើប្រធានបទអ្វីមួយក៏ដោយ និងសូម្បីតែលើបណ្តាញអនឡាញក្តី គឺតែងតែ មានការប្រកាន់ខ្ជាប់នូវ ក្រមសីលធម៌ និង វិជ្ជាជីវៈ យ៉ាងច្បាស់លាស់ ពុំមែនប្រព្រឹត្តទៅដូចដែលបុគ្គលទាំង ៣បាននិងកំពុងធ្វើនោះឡើយ។
ក្នុងនាម ឯកឧត្តមអភិសន្តិបណ្ឌិត អ្នកនាំពាក្យ សូមអំពាវនាវសាធារណជនខ្មែរទាំងក្នុង និងក្រៅ ប្រទេស រួមគ្នាថ្កោលទោសបុគ្គលទាំង៣រូបនោះ ដែលតែងតែប្រើវិធីសាស្ត្រ លាបពណ៌ ញុះញង់ និងបំបែក បំបាក់ ដើម្បីកុំឱ្យពួកគេបន្តឋិតក្នុងអន្លង់អវិជ្ជាដោយយល់ស្មានថា ខ្លួនកំពុងធ្វើត្រូវ ឬនិយាយត្រូវ ទាំងដែល ធាតុពិត គឺប្រៀបបាននឹងទស្សនៈចាស់បុរាណពោលថា «មនុស្សល្ងង់ កាន់តែធ្វើ កាន់តែនិយាយ គឺកាន់តែ បង្ហាញពីភាពល្ងង់ខ្លៅរបស់ខ្លួន…។ ផ្ទុយមកវិញ សូមជនទាំង៣រូបនោះ មានការភ្ញាក់រលឹក ដោយងាកមករក្សាភាពថ្លៃថ្នូរ និងមានក្រមសីលធម៌ ក្នុងនាមជាអ្នកអធិប្បាយសាធារណៈ ដូចដែលវិញ្ញូជនទូទៅបានអនុវត្តយ៉ាងល្អប្រពៃ៕
Leave a Reply