
ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា បានអះអាងថា ភាគីកម្ពុជា-ថៃនៅតែឯកភាពគ្នាជាស្មារតីមិត្តភាពដដែល ដោយភាគីទាំងពីរ នៅតែរក្សាការឈរជើងជាសហភាគីនៅប្រាសាទតាមាន់ ដោយភាគីម្ខាងៗរក្សាកង កម្លាំងចំនួនប្រាំនាក់ ។

ការលើកឡើងនេះ បន្ទាប់ពីមានការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់ជនអគតិមួយចំនួន ដែលថាកម្ពុជាបានដកទ័ពចេញពីតំបន់ដែលខ្លួនកំពុងគ្រប់គ្រង ក្នុងដែនអធិបតេយ្យរបស់កម្ពុជា ។
ការចោទប្រកាន់នេះ ត្រូវបានក្រសួងការពារជាតិច្រានចោល និងបដិសេធ ។ ក្រសួងថា នេះគឺជាចេតនាដ៏អាក្រក់ មានគោលបំណងញុះញង់ បំបែកបំបាក់ផ្ទៃក្នុងជាតិ និងទំនាក់ទំនងល្អ ជាមួយប្រទេសជិតខាង។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ នាថ្ងៃ៩ ឧសភា ។

ក្រសួងការពារជាតិឲ្យដឹងទៀតថា កាលពីថ្ងៃ១ ឧសភា គណៈប្រតិភូជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ និងក្រសួង ស្ថាប័នពាក់ព័ន្ធ បានចូលរួមកិច្ចប្រជុំ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC) លើកទី១៧ នៅរាជធានីបាងកក ។ ក្នុងនោះរដ្ឋមន្ត្រីការពារជាតិកម្ពុជា និងរដ្ឋមន្ត្រីការពារជាតិថៃ បានឯកភាពគ្នាឈរលើស្មារតីមិត្តភាព ក្នុងការ រក្សាស្ថានភាពដើម ដោយរក្សាទីតាំងឈរជើងរបស់កងកម្លាំងរៀងខ្លួននៅទីតាំងដដែលតាមបណ្តោយព្រំដែន។ ក្នុងន័យនេះ ភាគីទាំងពីរនៅតែរក្សាការឈរជើងជាសហភាគីនៅប្រាសាទតាមាន់ ដោយភាគីម្ខាងៗរក្សាកង កម្លាំងចំនួនប្រាំនាក់។
សេចក្តីប្រកាសបញ្ជាក់ថា ភាគីទាំងពីរ ពុំបានលើកឡើងពីការដកកម្លាំងទ័ពចេញពីប្រាសាទតាមាន់ទេ ប៉ុន្តែបានប្តេជ្ញាបន្តការប្រាស្រ័យទាក់ទងគ្នាជាធម្មតា និងជូនដំណឹងគ្នាទៅវិញទៅមកឱ្យបានជាប់លាប់ជាប្រចាំ សំដៅ បង្ការរាល់ការប៉ះទង្គិច ឬការយល់ច្រលំណាមួយ ដែលអាចកើតឡើងជាយថាហេតុ៕


Leave a Reply