ភ្នំពេញ ៖ ក្រោយការសាកសួរ បានបញ្ចប់តាមនីតិវិធី នៅល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ តំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ជាផ្លូវការលើ លោក មួង ឃីម និង ឧកញ៉ា អ៊ុត ធី ដោយលោក មួង ឃីម ជាប់ចោទពីបទ ជំនួញឥទ្ធិពលអកម្ម និង ឧកញ៉ា អ៊ុត ធី ជាប់ចោទពីបទ ជំនួញឥទ្ធិពលសកម្ម ។

អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល បានឲ្យដឹងថា ក្នុងសំណុំរឿងនេះ តំណាងអយ្យការបានសម្រេចចោទប្រកាន់ លើមនុស្សចំនួន៤រូបរួមមាន ឈ្មោះ អ៊ុត ធី , មួង ឃីម , ដួង តារា និង លី សាម៉េត ។

ឈ្មោះ អ៊ុត ធី ពីបទ ជំនួញឥទ្ធិពលសកម្ម តាមបញ្ញត្តិ មាត្រា៦០៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ , ឈ្មោះ មួង ឃីម និងឈ្មោះ ដួង តារា ពីបទ ជំនួញឥទ្ធិពលអកម្ម តាមបញ្ញត្តិ មាត្រា៥៩៥ មាត្រា៥៩៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និង ឈ្មោះ លី សាម៉េត ពីបទ សមគំនិតក្នុងបទជំនួញឥទ្ធិពលអកម្ម តាមបញ្ញត្តិមាត្រា២៩ មាត្រា៥៩៥ មាត្រា៥៩៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពេីពុករលួយ ។ សូមជម្រាបថា អង្គភាពប្រឆាំងអំពើពុករលួយ បានឃាត់ខ្លួនលោក មួង ឃីម និងលោកឧកញ៉ា អ៊ុត ធី នៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ៕
Leave a Reply