
ភ្នំពេញ ៖ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារអន្តេវាសិកដ្ឋាន «តេជោសន្តិភាព» និងសមិទ្ធផលនានាក្នុងវត្តស្វាយពពែ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សមិទ្ធផលដែលត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ គឺជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។

អគារអន្តេវាសិកដ្ឋាន «តេជោសន្តិភាព» មានកម្ពស់ ៥ជាន់ ស្មើ ៣០ បន្ទប់។ អគារអន្តេវាសិកដ្ឋានតេជោសន្តិភាពនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា មានទទឹងប្រវែង ៧.៥ម៉ែត្រ បណ្តោយប្រវែង៣៦ម៉ែត្រ។ ក្នុងបន្ទប់នីមួយៗ មានបំពាក់គ្រែកម្ពស់ ៣ថ្នាក់ចំនួន២ សម្រាប់និស្សិតស្នាក់នៅចំនួន ៦នាក់ សរុបអាចឱ្យនិស្សិតស្នាក់នៅចំនួន ១៨០នាក់។

អគារនេះ ត្រូវបានសាងសង់ឡើងដោយប្រើរយៈពេល ១២ខែ។ ចាប់ផ្តើមសាងសង់នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ «អគារសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី» ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភាកម្ពុជា។ ក្នុងពិធីសម្ពោធនោះ សម្ដេចតេជោ បានឧបត្ថម្ភក្នុងការធ្វើផ្លូវកៅស៊ូ ក្រាលបេតុងទូទាំង បរិវេណវត្តស្វាយពពែ និងសួនច្បារ «មេត្តាសន្តិភាព» ខាងមុខ និងក្នុងបរិវេណវត្តស្វាយពពែផងដែរ។

សូមបញ្ជាក់ថា ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈរបស់រដ្ឋ ស្ថិតក្រោមក្រសួងធម្មការ និងសាសនា ត្រូវបានបង្កើតឡើងនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០០៤ ក្រោមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា៕






Leave a Reply