សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ការគាំទ្រនិងគាំពារការផ្សាយរិះគន់ក្នុងន័យស្ថាបនា បើផ្សាយខុស សូមកែតម្រូវភ្លាម , ដូចករណីលោក ម៉ិច ដារ៉ា ទោះកំហុសធ្ងន់ធ្ងរ តែបើដឹងខុសក៏អាចអនុគ្រោះបាន 

កែប ៖ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធវិថីតេជោសន្តិភាពឆ្នេរអង្កោល ប្រវែងសរុប ជាង១២គីឡូម៉ែត្រ ស្ថិតនៅភូមិកែប និងភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍រម្លឹកករណី លោក ម៉ិច ដារ៉ា បានវាយប្រហាររាជរដ្ឋាភិបាលជាបន្តបន្ទាប់ ជាពិសេសរឿងការអភិវឌ្ឍនៅរមណីយដ្ឋានបាភ្នំ ប៉ុន្តែនៅតែមានការអនុគ្រោះ ក្រោយទទួលកំហុស ។ 

 សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា លោក ម៉ិច ដារ៉ា បានវាយរាជរដ្ឋាភិបាលចំនួន២ដំបង ដោយបានផ្សាយព័ត៌មានមិនពិត រឿងបំផ្លាញភ្នំឈើកាច់បាភ្នំ បន្ទាប់ពីភ្នំនេះបានចុះបញ្ជីបេតិកភ័ណ្ឌប្រមាណជាង១០០ហិកតា ហើយក្រោយអនុវត្ដច្បាប់ត្រូវមួយដំបងទៀត ដោយចោទថាពាក់ព័ន្ធគ្រឿងញៀន។ សម្ដេចធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាល គ្មានគោលនយោបាយចាប់ទោសអូសដំណើរ ចំពោះ អ្នកទទួលស្គាល់កំហុសនោះឡើយ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសគាំទ្រនិងគាំពាររាល់ការផ្សព្វផ្សាយនូវព័ត៌មាន រិះគន់ក្នុងន័យស្ថាបនា តែសូមឱ្យពិតច្បាស់លាស់ ដើម្បីរួមចំណែកដល់ការដោះស្រាយបញ្ហាផ្សេងៗ នៅតាមមូលដ្ឋាន ។ ក្នុងករណីផ្សាយទៅ កើតមានកំហុសណាមួយ សូមឱ្យមានការទទួលខុសត្រូវចំពោះព័ត៌មានរបស់ខ្លួន ដែលបានផ្សាយចេញទៅ ដោយធ្វើការកែតម្រូវភ្លាមៗ ដើម្បីបង្ហាញថា ជាអ្នកសារព័ត៌មានមានវិជ្ជាជីវៈ ។ សូមផ្សាយរិះគន់ក្នុងន័យស្ថាបនា ប៉ុន្តែកុំផ្សាយរិះគន់ដើម្បីបម្រើដល់អ្វីមួយផ្សេងទៀត នោះជារឿងផ្សេង ។

សូមរម្លឹកថា ឈ្មោះ ម៉ិច ដារ៉ា ត្រូវបានតុលាការសម្រេចឃុំខ្លួននៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤ ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ។ ក្រោយជាប់ឃុំអស់រយៈពេលជាង២០ថ្ងៃ ពោលនៅថ្ងៃទី២៣ ខែតុលា ឈ្មោះ ម៉ិច ដារ៉ា បានចេញវីដេអូសុំទោស សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសុំទោសសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដោយមានទាំងលិខិតជាលាយលក្ខណ៍អក្សរផង និងរៀបរាប់ថា លោកបានបង្ហោះព័ត៌មានមិនពិតចំនួន៥លើក នៅលើបណ្ដាញសង្គម ហើយលោកសូមសន្យាឈប់បង្ហោះនូវព័ត៌មានមិនពិត ដែលធ្វើឱ្យប៉ះពាល់ដល់ប្រមុខថ្នាក់ដឹកនាំប្រទេសតទៅទៀតហើយ។ បន្ទាប់មក លោក ម៉ិច ដារ៉ា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្ន កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ កន្លងទៅ ៕ ដោយ ៖ រាជសីហ៍០២