រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញបច្ចុប្បន្នភាពគម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រេចបាន ៨០ភាគរយ

ភ្នំពេញ ៖ គម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹក ដើម្បីធ្វើឲ្យប្រសើរឡើងនូវការជន់លិចនៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ បាននិងកំពុងអនុវត្តដោយក្រសួងធនធានទឹក និងឧតុនិយម, ក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋបាលរាជធានីភ្នំពេញ។ គិតត្រឹមបច្ចុប្បន្ន ចំពោះគម្រោងដែលអនុវត្តដោយរដ្ឋបាលរាជធានីភ្នំពេញ គឺសម្រេចបានប្រមាណ៨០% នៃផែនការ ហើយគម្រោងនេះមិនបានគ្របដណ្តប់លើតំបន់មួយចំនួន នៃខណ្ឌជ្រោយចង្វារ និងខណ្ឌច្បារអំពៅ ក្នុងជំហានដំបូង។

ក្នុងសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ផ្អែកតាមលទ្ធផល នៃការអនុវត្តគម្រោងនាពេលកន្លងមកឃើញថា បើទោះបីជាថ្មីៗនេះ មានករណីភ្លៀងធ្លាក់ខ្លាំង ដែលបានបង្កឲ្យមានការជន់លិចនៅតំបន់បឹងទំពន់ (កម្ពស់ទឹកភ្លៀង៨១ម.ម) តំបន់ម៉ុងឌីយ៉ាល់ (កម្ពស់ទឹកភ្លៀង ៥៣ម.ម) ក្តីក៏ធារទឹកភ្លៀងបានហូរអស់ក្នុងរយៈពេលដ៏ខ្លី ហើយតំបន់មួយចំនួនទៀត នៃក្នុងខណ្ឌស្ថិតនៅកណ្តាលរាជធានីភ្នំពេញ ក៏លែងលិចលង់ដែលនេះឆ្លុះបញ្ចាំងឲ្យឃើញអំពីប្រសិទ្ធភាព នៃការអនុវត្តគម្រោងរំដោះទឹក ក្នុងរាជធានីភ្នំពេញ៕