
ភ្នំពេញ ៖ លោក ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប មានការប្រុងប្រយ័ត្នជានិច្ចចំពោះសុខភាព ពិសេសពីការឆ្លងជំងឺអង់ត្រាក់ (Bacillus Anthracis) ឬពិសធ្យូង កំពុងតែកើតមាននៅប្រទេសថៃ និងបណ្ដាប្រទេសមួយចំនួនទៀត ខណៈមកទល់នឹងពេលនេះ កម្ពុជា អត់ទាន់មានជំងឺនេះឡើយ។

ការអំពាវនាវយ៉ាងដូច្នេះរបស់ លោក រដ្ឋមន្ដ្រី ក្នុងឱកាសឆ្លៀតពេលដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពការងារសាងសង់អគារមជ្ឈមណ្ឌលកណ្តាល អគារចំណត និងអគារពិគ្រោះជំងឺក្រៅ នៃមន្ទីរពេទ្យកាល់ម៉ែត ដែលមានកម្ពស់ ២៥ជាន់ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥។

លោក រដ្ឋមន្ដ្រី បានថ្លែងបន្ដថា «កម្ពុជាយើងអត់ទាន់មានជំងឺអុងត្រាក់ទេ ប៉ុន្ដែយើងបានសហការគ្នាជាមួយពាក់ព័ន្ធរួមទាំងក្រសួងកសិកម្ម ក្នុងការពួតដៃគ្នា ធ្វើយ៉ាងម៉េចឱ្យបងប្អូនយើងមានសុវត្ថិភាពសុខភាពពីជំងឺនេះ។ តែទោះជាយ៉ាងណា បងប្អូនប្រជាពលរដ្ឋយើង ត្រូវប្រុងប្រយ័ត្នជាប់ជានិច្ច ទោះបីមិនទាន់មានករណីជំងឺនេះក៏ដោយ»។

លោក រដ្ឋមន្ដ្រី បន្ដថា ក្រសួងសុខាភិបាល គឺមានការយកចិត្ដទុកដាក់ ធ្វើយ៉ាងណាឱ្យការការពារសុខភាព របស់បងប្អូនប្រជាពលរដ្ឋយើង បានល្អ ដូច្នេះសូមបងប្អូនយើងមានភាពកក់ក្ដៅ ហើយរួមគ្នាការពារឱ្យបានមុន, ហើយសង្ឃឹមថាជំងឺនេះនឹងមិនយាយីមកដល់ប្រជាជនយើងនោះទេ។

លោក រដ្ឋមន្ដ្រី គូសបញ្ជាក់ថា «ដើម្បីបង្ការខ្លួនជំងឺអង់ត្រាក់នេះ សូមរក្សាទម្លាប់ពិសាអាហារដូចមុនធម្មតា គឺត្រូវចម្អិនអាហារឱ្យបានឆ្អិនល្អ មានអនាម័យ ជាពិសេសទៅលើប្រភេទសាច់ស្រស់ បើដឹងពីប្រភពកាន់តែល្អ ពីព្រោះជំងឺអង់ត្រាក់ ឬពិសធ្យូង ជាជំងឺដ៏កម្រ ប៉ុន្តែធ្ងន់ធ្ងរ ដែលអាចកើតមានឡើងជាចម្បងលើសត្វពាហនៈ និងសត្វព្រៃ»៕




Leave a Reply