
ភ្នំពេញ ៖ ក្រុមហ៊ុនកែច្នៃស្វាយ Zhongbao (Cambodia) Food Science & Technology Co., Ltd មានទីតាំងនៅភូមិវាលធំ ឃុំយាយម៉ៅពេជ្រនិល (បំបែកពីឃុំត្រែងត្រយឹង) ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ត្រូវបានក្រុមការងារក្រសួងបរិស្ថាន ដឹកនាំដោយ លោក ជូ មុនីដារិន អគ្គនាយករង នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ បានរកឃើញថា បានបញ្ចេញសំណល់រាវបំពុលទឹកអូរចោត ក្នុងរយៈចម្ងាយប្រមាណ ៧គីឡូម៉ែត្រ ចាប់ពីទីតាំងក្រុមហ៊ុន រហូតដល់ទំនប់អូរកូនត្រុំ។

យោងតាមការអះអាងរបស់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ រស់នៅក្រោមខ្សែទឹក (ក្រោយទីតាំងក្រុមហ៊ុន) បានបញ្ជាក់ថា បានរងផលប៉ះពាល់ដល់ការរស់នៅ ដូចជា ទឹកបង្កឱ្យមានអាការៈរមាស់ មានត្រីងាប់ និងមិនអាចប្រើប្រាស់ទឹក សម្រាប់ស្រោចស្រពដំណាំបានផងដែរ បណ្តាលមកពីក្រុមហ៊ុនខាងលើបាន បង្ហូរសំណល់រាវ ប្រមាណ២ឆ្នាំមកហើយ។ ប្រជាពលរដ្ឋ បានជីកស្រះ ឬទិញទឹកគេមកប្រើប្រាស់។ តាមរយៈការវិភាគគុណភាពទឹកបឋមនៅទីតាំងផ្ទាល់ ប្រព័ន្ធអូរធម្មជាតិ ដែលរងការបំពុលនេះ មានកម្រិត pH និង DO ធ្លាក់ទាបខ្លាំង មិនអនុលោមកម្រិតកំណត់ស្តង់ដារ នៃការបញ្ចេញសំណល់រាវ និងអភិរក្សជីវៈចម្រុះនោះទេ។ ក្រុមការងារបានយកសំណាកទឹក ចំនួន៤ទីតាំង មកវិភាគនិងអនុវត្តនីតិវិធីច្បាប់បន្ត។

ជាមួយគ្នានេះ ក្រុមហ៊ុន បានទទួលស្គាល់ថា ខ្លួនបានប្រព្រឹត្តខុសផ្ទុយនឹងច្បាប់ ដោយបានបំពុលអូរធម្មជាតិ ដូចដែលក្រុមការងារជំនាញបរិស្ថាន បានរកឃើញ និងសន្យាទទួលយក ការកែលម្អបច្ចេកទេស ឱ្យបានល្អប្រសើរ។

សូមបញ្ជាក់ថា ចាប់ពីឆ្នាំ២០២៤ រហូតដល់ពេលនេះ ក្រុមការងារក្រសួងបរិស្ថាន បានរកឃើញរោងចក្រ និងក្រុមហ៊ុន ចំនួន ២៩ទីតាំង នៅខេត្តប៉ៃលិន បាត់ដំបង ត្បូងឃ្មុំ រាជធានីភ្នំពេញ កណ្តាល កំពង់ស្ពឺ កំពត និងខេត្តព្រះសីហនុ បានបញ្ចេញសំណល់រាវលើសកម្រិតកំណត់ស្ដង់ដារ និងបានបង្កឱ្យមានការបំពុលទឹកសាធារណៈ។

ជាលទ្ធផល មានរោងចក្រ និងក្រុមហ៊ុន ចំនួន៧ ទីតាំង បានអនុវត្តវិធានការច្បាប់ និងវិធានការណ៍បច្ចេកទេសរួចរាល់។ ជាមួយគ្នានេះ រោងចក្រ និងក្រុមហ៊ុន ចំនួន១៦ ទីតាំង កំពុងអនុវត្តវិធានការច្បាប់ និងវិធានការបច្ចេកទេស ឱ្យបានត្រឹមមត្រូវ និងមានរោងចក្រចំនួន៦ ផ្សេងទៀត ទើបរកឃើញថ្មីៗកន្លងមកនេះ ហើយក្រសួងបរិស្ថាន កំពុងរៀបចំនីតិវិធី ដើម្បីចាត់វិធានការច្បាប់៕






Leave a Reply