រដ្ឋមន្ត្រីក្រសួងអប់រំ ណែនាំរៀបចំបញ្ចូលកម្មវិធី AI ក្នុងកម្មវិធីសិក្សារបស់សិស្ស ដើម្បីសម្រួលដល់ការរៀនសូត្រ ក្នុងយុគសម័យឌីជីថល

ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានណែនាំរៀបចំបញ្ចូលកម្មវិធី ប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) ក្នុងកម្មវិធីសិក្សារបស់សិស្ស ដើម្បីជួយបំផុសគំនិតច្នៃប្រឌិត និងសម្រួលដល់ការរៀនសូត្ររបស់សិស្ស ក្នុងយុគសម័យឌីជីថលនេះ។

ក្នុងកិច្ចប្រជុំពិភាក្សាស្តីពី ការរៀបចំសកម្មភាពសម្រាប់សម្របសម្រួលការងារអប់រំ ពាក់ព័ន្ធនឹងប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានថ្លែងអំណរគុណដល់ក្រុមការងារពាក់ព័ន្ធទាំងអស់ បានខិតខំប្រឹងប្រែងបំពេញការងារនេះ ប្រកបដោយការទទួលខុសត្រូវនាពេលកន្លងមក និងបានផ្តល់អនុសាសន៍៖

– គួរបញ្ចូលកម្មវិធី AI ក្នុងកម្មវិធីប្រើប្រាស់របស់ក្រសួង និងតាមគ្រឹះស្ថាននានា ដើម្បីជួយសម្រួលដល់ការគ្រប់គ្រង វិភាគទិន្នន័យ និងជាពិសេសពន្លឿនដំណើរការការងារ។

– លើកទឹកចិត្តឱ្យប្រើប្រាស់ធនធានដែលមានស្រាប់ ដូចជាទូរស័ព្ទស្មាតហ្វូន ដើម្បីឱ្យការអនុវត្តកាន់តែមានប្រសិទ្ធភាព។

– រៀបចំបញ្ចូលកម្មវិធី AI ទៅក្នុងកម្មវិធីសិក្សារបស់សិស្ស ដើម្បីជួយបំផុសគំនិតច្នៃប្រឌិត និងសម្រួលដល់ការរៀនសូត្ររបស់សិស្ស ក្នុងយុគសម័យឌីជីថលនេះ។

– រៀបចំជា Picture Guide ក្នុងកម្មវិធីសិក្សារបស់សិស្សដើម្បីបង្កើនការយល់ដឹង និងការចងចាំ ជាពិសេសនឹងបង្កើតបរិយាកាសសិក្សាប្រកបដោយភាពស្វាហាប់ និងរីករាយ បង្កភាពងាយស្រួលក្នុងការសិក្សារបស់សិស្ស។

– រៀបចំតែងតាំងមន្រ្តីជំនាញខាង(AI) ដើម្បីជួយគាំទ្រក្នុងការអនុវត្តឱ្យចំគោលដៅ និងត្រឹមត្រូវ។

– រៀបចំតែងតាំងមន្ត្រីជំនាញខាងវិភាគដើម្បីវិភាគស្ថានភាព តាមដាននិន្នាការ និងបញ្ហាប្រឈមនាថ្ងៃអនាគត។

លោកឧបនាយករដ្ឋមន្ត្រី បានបង្ហាញនូវក្តីរីករាយស្វាគមន៍ និងចូលរួមសហការគាំទ្ររាល់គំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការនានាលើវិស័យអប់រំ និងបានលើកទឹកចិត្តដល់គ្រឹះស្ថានឧត្តមសិក្សាឱ្យចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យអប់រំ ជាពិសេសតាមរយៈការបញ្ចូលបច្ចេកវិទ្យា(AI) ក្នុងវិស័យអប់រំនេះ ដើម្បីបង្កើនគុណភាពនៃការបណ្តុះបណ្តាល និងការស្រាវជ្រាវ ជាពិសេសត្រៀមខ្លួនរួចរាល់ ដើម្បីឆ្លើយតបនឹងរលកនៃការបដិវត្តន៍បញ្ញាសិប្បនិម្មិត (AI) ដែលកំពុងផ្លាស់ប្តូរគ្រប់វិស័យក្នុងពិភពលោក៕