ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ៖ ក្នុងនាមយុវជនខ្មែរជំនាន់ក្រោយមួយរូប សូមចងចាំ និងដឹងគុណជានិច្ចចំពោះស្នាព្រះហស្តដ៏ឧត្តុង្គឧត្តម ព្រះបរមរតនកោដ្ឋ ក្នុងការទាមទារឯករាជ្យពីប្រទេសបារាំង 

ភ្នំពេញ៖ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ជាខួបលើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ដើម្បីរម្លឹកនូវឧបការៈគុណដ៏ជ្រាលជ្រៅបំផុតរបស់ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុព្រះមហាវីរក្សត្រព្រះវររាជបិតាឯករាជ្យបូរណភាពទឹកដីនិងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” ដែលព្រះអង្គបានលះបង់ព្រះកាយពលនិងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុតធ្វើការតស៊ូក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីយកិច្ចនិងរម្លឹកដល់គុណអ្នកស្នេហាជាតិ ដែលបានពលីជីវិតដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជារហូតទទួលបានឯករាជ្យពីអាណានិគមបារាំងនាថ្ងៃទី៩ខែវិច្ឆិកាឆ្នាំ១៩៥៣។ 

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងនាមយុវជនខ្មែរជំនាន់ក្រោយមួយរូប សូមចងចាំ និងដឹងគុណជានិច្ចចំពោះស្នាព្រះហស្តដ៏ឧត្តុង្គឧត្តម ក្នុងការទាមទារឯករាជ្យពីប្រទេសបារាំង នៃព្រះបរមរតនកោដ្ឋ និងសូមប្តេជ្ញាចូលរួមថែរក្សាការពារឯករាជ្យជាតិ ឱ្យបានគង់វង្សជានិច្ចនិរន្តរ៍តរៀងទៅ ។ 

សូមជម្រាបថា ថ្ងៃទី០៩ វិច្ឆិកានេះ ទិវាបុណ្យឯករាជ្យជាតិលើកទី៧១ ទិវាខួបកំណើតកងយោធពលខេមរភូមិន្ទ ត្រូវបានប្រារព្ធធ្វើឡើង ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាមួយការយាង និងអញ្ជើញចូលរួមពីថ្នាក់ដឹកនាំស្ថាប័នកំពូលៗរបស់កម្ពុជា មានសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ភ្ញៀវជាតិ អន្តរជាតិ មន្ត្រីទូតនានា មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជន យុវតី សិស្សានុសិស្ស និងមហាជនយ៉ាងច្រើនកុះករ នៅវិមានឯករាជ្យ៕ ដោយ ៖ រាជសីហ៍០២