សម្តេចធិបតី ហ៊ុន ម៉ាណែត ដាក់ចេញផែនការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក ក្រោយអ្នកស្លាប់ដោយសារជំងឺមហារីកកើនឡើង ខ្ពស់គួរឱ្យកត់សម្គាល់ 

នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តន៍ជាផ្លូវការនូវផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក២០២៥-២០៣០ ដើម្បីលើកកម្ពស់សុខភាពសាធារណៈ ការបង្ការ ការពារ និង ការព្យាបាល ប្រកបដោយប្រសិទ្ធភាពនៃជំងឺមហារីក។

សម្តេច បានថ្លែងថា ជំងឺមហារីកគឺជាជំងឺមួយក្នុងចំណោមជំងឺមិនឆ្លងទាំង៤ ដែលត្រូវបានចាត់ទុកជាអាទិភាពដោយក្រសួងសុខាភិបាល បានខិតខំប្រឹងប្រែងដាក់ចេញនូវវិធានការជាច្រើនដើម្បីបង្ការ គ្រប់គ្រង ជំងឺមហារីកជាបញ្ហាប្រឈមចំពោះសុខភាពសាធារណៈ ដែលបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់អ្នកជំងឺ ក្រុមគ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល ដោយជំងឺនេះបានបង្អាក់សកម្មភាពប្រចាំថ្ងៃ បន្ថយផលិតភាព និងបណ្តាលឱ្យមានការចំណាយថវិកាជាច្រើនសម្រាប់ថែទាំសុខភាព ដែលអាចជះផលអវិជ្ជមានធ្ងន់ធ្ងរដល់ជីវភាពប្រជាជន សេដ្ឋកិច្ច និងការអភិវឌ្ឍជាតិ ។

យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល បានបង្ហាញថា នៅកម្ពុជា ជារៀងរាល់ឆ្នាំ មានករណីជំងឺមហារីកថ្មីប្រមាណ ២ម៉ឺនករណី ហើយការស្លាប់ពីជំងឺនេះមានប្រមាណ ១ម៉ឺន ៤ពាន់នាក់ក្នុងមួយឆ្នាំៗ។ ចំនួននេះអាចតិចជាងនៅប្រទេសផ្សេង ប៉ុន្តែជាតួលេខខ្ពស់ធៀបនឹងចំនួនប្រជាជន ១៧លាននាក់។

តាមរយៈពិធីខាងលើ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដៃគូអភិវឌ្ឍន៍ និង ភាគីពាក់ព័ន្ធទាំងអស់ កៀរគរធនធាន, ទាំងបច្ចេកទេស និង ហិរញ្ញវត្ថុ, សម្រាប់គាំទ្រដល់ការបង្ការ និង ព្យាបាលជំងឺមហារីក ឱ្យកាន់តែទូលំទូលាយ ដើម្បីជាឧត្តមប្រយោជន៍ដល់ប្រជាពលរដ្ឋផងដែរ៕