សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំគ្រប់ភាគីត្រូវរួមគ្នាពិនិត្យលើការគ្រប់គ្រង នៃការនាំចូលបន្លែ-សាច់

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា បានបញ្ជាឲ្យក្រសួងពាណិជ្ជកម្ម ក្រសួងសុខាភិបាល ក្រសួងកសិកម្ម អគ្គនាយកពន្ធដារគយ និងអាជ្ញាធរពាក់ព័ន្ធត្រូវរួមគ្នាពិនិត្យលើការគ្រប់គ្រងនៃការនាំចូលបន្លែ-សាច់ ឲ្យបានត្រឹមត្រូវជៀសវាងនាំឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋជាអ្នកបរិភោគ ។

ក្នុងឱកាសអញ្ជើញជាអធិបតីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ២០២៥-២០៣០» នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ដើម្បីឲ្យប្រជាពលរដ្ឋមានសុខភាពល្អក្នុងការរួមចំណែកជួយដល់ការអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាកំណើនសេដ្ឋកិច្ច ភាគីពាក់ព័ន្ធដែលជាស្ថាប័នរដ្ឋត្រូវរួមសហការគ្នាត្រួតពិនិត្យលើការនាំចូលត្រី សាច់ និងបន្លែពីបណ្តាប្រទេសផ្សេងៗចូលកម្ពុជា ។

សម្តេចធិបតី បន្តថា «សំខាន់បំផុតគឺការចូលរួមក្នុងការបង្ការគឺក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្រសួងពាណិជ្ជកម្ម ក្រសួងសុខាភិបាល ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ និងអាជ្ញាធរពាក់ព័ន្ធ រួមគ្នាពិនិត្យឲ្យបានតឹងរ៉ឹងលើការនាំចូលបន្លែ-សាច់ និងការប្រើប្រាស់ជាតិគីមីអីផ្សេងៗឲ្យបានម៉ត់ចត់ទៅលើកិច្ចការងារនេះ»។

សម្តេច នាយករដ្ឋមន្រ្តី គូសបញ្ជាក់ថា ការរួមគ្នាពិនិត្យឲ្យបានម៉ត់ចត់លើការនាំចូលបន្លែ-សាច់នេះ ដើម្បីកាត់បន្ថយនូវហានិភ័យនៃជំងឺមហារីកដោយសារខ្វះអាហាររូបត្ថម្ភ។

ទន្ទឹមនឹងនេះ សម្តេចធិបតី ក៏បានផ្ញើសារទៅក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជននិងកីឡាត្រូវសហការជាមួយគណៈគ្រប់គ្រងនៅតាមបណ្តាសាលានានានៅទូទាំងប្រទេសដើម្បីផ្សព្វផ្សាយអំពីសារអប់រំពាក់ព័ន្ធសុខភាពទៅនឹងរបបអាហារដូចនំចំណី និងភេសជ្ជៈជាដើមដល់សិស្សានុសិស្ស ៕