
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់អ្នកសារព័ត៌មានត្រូវធានាសុចរិតភាព ហើយកុំប្រើអាជីពអ្នកសារព័ត៌មាន ជំរិតទាប្រាក់ពីអ្នកដទៃ ដែលធ្វើឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សង្គម ។

ការថ្លែងក្នុងពិធីជួបជុំរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត ជាមួយអ្នកសារព័ត៌មាន លើកទី៧ ឆ្នាំ២០២៥ នៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ សម្តេចធិបតី បានគូសបញ្ជាក់ថា ការផ្សព្វផ្សាយ ដោយសុចរិតភាព នាំឱ្យអ្នកសារព័ត៌មាន ទទួលបានទំនុកចិត្តពីមហាជន ហើយធ្វើឱ្យអ្នកសារព័ត៌មានទទួលបានតម្លៃផងដែរ ។

ក្នុងនោះសម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «សុចរិតភាព កើតឡើងអំពីអ្វី? ទី១ គឺកុំប្រើប្រាស់អាជីព ជាអ្នកសារព័ត៌មាន ទៅផ្សព្វផ្សាយព័ត៌មានអ្វីដែលយើងដឹងថា មិនពិត ដើម្បីគោលដៅអាក្រក់ លើអ្នកដទៃ ឬចង់ចំណេញខាងអ្វីមួយនោះ គឺសុំប្រកាន់សុចរិតភាព ភាពទៀងត្រង់របស់យើងទើបមានតម្លៃ»។

បន្ថែមលើនេះ សម្តេចធិបតី ណែនាំកុំប្រើអាជីពជាអ្នកកាសែត ដើម្បីទៅទាញយកផលប្រយោជន៍មិនត្រឹមត្រូវ ជាក់ស្តែងកាលពីពេលកន្លងទៅក្រសួងព័ត៌មាន បានដកអាជ្ញាបណ្ណ ពីអ្នកសារព័ត៌មានមួយចំនួន ក្រោយស្រាវជ្រាវ រកឃើញថា បានប្រព្រឹត្តប្រាសចាកវិជ្ជាជីវៈ ជំរិតទារប្រាក់ពីអ្នកដទៃ ថ្នូរនឹងការជួយបិទបាំងព័ត៌មាន ដែលបានធ្វើឱ្យប៉ះពាល់ ដល់អ្នកសារព័ត៌មានដទៃទៀតរាប់ពាន់នាក់ និងធ្វើឱ្យអ្នកសារព័ត៌មាន បាត់បង់ទំនុកចិត្ត ហេតុនេះទាមទារឱ្យមានសុចរិតភាព៕





Leave a Reply