តាកែវ ៖ តាមព័ត៌មានហ្វ្រេសញូរបានផ្សាយថា អង្គភាពប្រឆាំងពុករលួយ បានឃាត់ខ្លួនមន្ត្រីសាលាខេត្តតាកែវ ៣នាក់ រួមមាន លោក ហេង វុទ្ធី នាយកទីចាត់ការ និងផែនការវិនិយោគ និងមន្ត្រីរបស់លោក ២នាក់ទៀត គឺលោក ម៉ម វិចិត្រ និងឈ្មោះ ប៊ុនធឿន មន្រ្តីទីចាត់ការផែនការវិនិយោគ។

លោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តតាកែវ បានឱ្យដឹងនៅល្ងាច ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះថា មន្ត្រីសាលាខេត្តតាកែវ ទាំង ៣នាក់ បានបញ្ជូនទៅដល់ពន្ធនាគារខេត្តតាកែវរួចហើយ។

ពួកគេត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ និងបានរកឃើញថា បានជាប់ពាកព័ន្ធពាក់ព័ន្ធនឹងបទរំលោភអំណាច និងភាពមិនប្រក្រតីមួយចំនួនពេលបំពេញភារកិច្ច។

តាមប្រភពមួយទៀតបង្ហើបឱ្យដឹងថា កន្លងមកប្រជាពលរដ្ឋបានរិះគន់ និងបណ្ដាញសារព័ត៌មានបានផ្សាយ ជាបន្តបន្ទាប់ ករណីភាពមិនប្រក្រតី ក្នុងការស្ថាបនាផ្លូវជាច្រើនខ្សែ គ្មានគុណភាព មិនត្រូវតាមស្តង់ដាដូចគម្រោងដែលដេញថ្លៃបាន ។ ផ្លូវទាំងនោះជាគម្រោងមូលនិធិឃុំ ឆ្នាំ២០២៤ ទទួលសាងសង់ដោយក្រុមហ៊ុនឯកជន តាមរយៈដេញថ្លៃ ប៉ុន្តែការស្ថាបនាផ្លូវបេតុងទាំងនោះ មិនត្រឹមត្រូវតាមបច្ចេកទេសនិងស្ដង់ដា ដូចជាសរសៃដែកតូចជាង ទទឹងផ្លូវតូចជាង គ្មានគុណភាព ឆាប់ប្រេះ ឆាប់ខួចជាដើម៕ ដោយ ៖ រាជសីហ៍០២
Leave a Reply