តារាល្បី មាន សូនីតា ស្ញើចសរសើរ និងគោរពដឹងគុណដល់វត្តមានរបស់ កម្ពោជិកបុត្តាខេមរាតរី ដែលជានិមិត្តរូបនៃព្រលឹងដូនតាខ្មែរ

ភ្នំពេញ ៖ តារាសម្ដែងដ៏ល្បី និងមានប្រជាប្រិយភាព មាន សូនីតា បានបង្ហាញរូបភាពដ៏ស្រស់ស្អាតជាច្រើនសន្លឹក ក្នុងឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរ និងទូក ង វែងជាងគេនៅកម្ពុជា និង បានជាប់ ឯតទគ្គ កម្ម ពិភព លោក Guinness World Records កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ។ 

ក្នុងសំណេររបស់តារាសម្ដែងដ៏ល្បី និងមានប្រជាប្រិយភាពរូបនេះបានសរសេរថា ៖  “ខ្មែរសាមគ្គី ខ្មែរឈ្នះ”  បងប្អូននៅចាំអត់ថា ទូក ង ដែលកូនខ្មែររួមគ្នាផលិត មានប្រវែងវែងជាងគេលើពិភពលោក និងបានបំបែកកំណត់ត្រាពិភពលោក (Guinness World Record) កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រូវបានប្រសិទ្ធនាមថា “កម្ពោជិកបុត្តាខេមរាតរី” ដែលមានន័យថា ទូក ង របស់កូនខ្មែររស់នៅក្នុងដែនដីកម្ពុជា។ កម្ពោជិកបុត្តាខេមរាតរី មានបណ្តោយប្រវែងសរុប ៨៧,៣០ មែត្រ និងទទឹងប្រវែង ១,៩៤ មែត្រ ដែលអាចផ្ទុកចំណុះទូកបានចំនួនសរុប១៧៩ នាក់។

នាងខ្ញុំ មាន សូនីតា សូមស្ញើចសរសើរ និងគោរពដឹងគុណដល់វត្តមានរបស់ កម្ពោជិកបុត្តាខេមរាតរី ដែលជានិមិត្តរូបនៃព្រលឹងដូនតាខ្មែរ ដែលស្ថិតនៅជាមួយកូនខ្មែរគ្រប់រូបជាអមតៈ និងជាសក្ខីភាពបង្ហាញថា “ខ្មែរសាមគ្គី ខ្មែរឈ្នះ”។ ស្នាដៃដ៏អស្ចារ្យនេះ នឹងរួមចំណែកលើកតម្កើង កិត្យានុភាពជាតិលើឆាកអន្តរជាតិ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈវិស័យទេសចរណ៍ និងវិស័យជាច្រើនទៀតផងដែរ។

សូមជម្រាបថា ទូក ង វែងជាងគេនេះ បានតម្កល់ទុកក្នុងរោងដ៏រឹងមាំនិងស្រស់ស្អាត ដែលមានទទឹង ៨,៦០ម៉ែត្រ បណ្តោយ ៩៨,៨០ម៉ែត្រ និងកម្ពស់១១ម៉ែត្រ ស្ថិតនៅក្នុងភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ( មុខសាលាខេត្ត ) ដើម្បីទុកជូនសាធារណៈជន ភ្ញៀវជាតិនិងអន្តរជាតិ អាចមកទស្សនា ទូក ង ដែលកើតចេញពីស្នាដៃនិងគំនិតរបស់កូនខ្មែរ ៕ ដោយ ៖ រាជសីហ៍០២