អាជ្ញាធររាជធានីភ្នំពេញ ដឹកទឹកស្អាតជូនប្រជាពលរដ្ឋរស់នៅ ក្នុងបុរី VIP ស្ថិតនៅខណ្ឌដង្កោ បន្ទាប់ពីខ្វះទឹកស្អាតប្រើប្រាស់ ចំនួន ៣ថ្ងៃហើយ

ភ្នំពេញ ៖ ដោយអនុវត្តតាមការយកចិត្តទុកដាក់គិតគូរពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ចំពោះប្រជាពលរដ្ឋជួបបញ្ហាខ្វះទឹកស្អាតប្រើប្រាស់, នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចាត់លោក ឆាយ វីរៈ អភិបាលរងរាជធានីភ្នំពេញ ដឹកនាំរដ្ឋបាលខណ្ឌដង្កោ និងសហការដោយរដ្ឋាករស្វ័យក្រុងភ្នំពេញ ដឹកទឹកស្អាតមកចែកជូនប្រជាពលរដ្ឋរស់នៅ ក្នុងបុរី VIP ស្ថិតនៅភូមិម៉ឺនត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ខណៈតំបន់នេះមានបញ្ហាខ្វះទឹកស្អាតប្រើប្រាស់ចំនួន ៣ថ្ងៃមកហើយ។

លោក ឆាយ វីរៈ បានឱ្យដឹងថា ដោយសារតែប្រជាពលរដ្ឋរស់នៅក្នុងបុរី VIP ស្ថិតនៅភូមិម៉ឺនត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ មានបញ្ហាខ្វះទឹកស្អាតប្រើប្រាស់ ទើបនៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ លោក ឃួង ស្រេង បានណែនាំឱ្យក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញ បានដឹកនាំរដ្ឋបាលខណ្ឌដង្កោ និងសហការ ដោយរដ្ឋាករស្វ័យក្រុងភ្នំពេញ បានដឹកទឹកស្អាត ទៅចែកជូនប្រជាពលរដ្ឋរស់នៅក្នុងបុរី VIP នេះ។

លោក ឆាយ វីរៈ បានបញ្ជាក់ថា កន្លងមកប្រជាពលរដ្ឋរស់នៅក្នុងបុរី VIP នេះ បានទទួលការផ្គត់ផ្គង់ទឹកស្អាតហើយ តែមិនទាន់គ្រប់គ្រាន់ ទើបយើងជួយបំពេញបន្ថែម ដល់ពួកគាត់ ដើម្បីបន្តចែកចាយទៅប្រជាពលរដ្ឋ ដែលខ្វះខាតទឹកស្អាតបានប្រើប្រាស់។ ការងារនេះ អាជ្ញាធរ យើងនឹងបន្តផ្គត់ផ្គង់រហូតដល់ពួកគាត់មានទឹកប្រាស់ប្រាស់គ្រប់គ្រាន់ ទើបយើងបញ្ឈប់ការផ្គត់ផ្គង់ជាបណ្តោះអាសន្ននេះ៕