បរទេស៖ រយៈពេល៣ខែ មុខទំនិញដែលនាំចូលមកពីប្រទេសចិន ប្រមាណជាង៩៤០០០មុខ ត្រូវបានគណៈកម្មការការពារសុវត្ថិភាពចំណីអាហារនិងឱសថ នៃប្រទេសថៃ ហៅកាត់ ( FDA) ធ្វើការបង្ក្រាបបានជាបន្តបន្ទាប់ នៅតាមបណ្ដាហាងលក់ទំនិញមួយចំនួននៅក្នុងទីក្រុងបាងកក។

អគ្គលេខាធិការរង FDA លោក ឡឹតឆៃ ឡឹតវុធ បាននិយាយកាលពីថ្ងៃពុធ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ម្សិលម៉ិញថា មន្ត្រីជំនាញរបស់ FDA សហការជាមួយកម្លាំងនគរបាល និងកម្លាំងមន្ត្រីក្រុងបាងកក បានឆ្មក់ចូលផ្សារទំនើបចិនចំនួន៤៧កន្លែង នៅទីក្រុងបាងកក ចាប់ពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី៤ ខែវិច្ឆិកា រឹបអូសបានផលិតផលប្រើប្រាស់ខុសច្បាប់របស់ចិនចំនួន ៩៤.៤៧៦មុខ នៃផលិតផល៣៤១ប្រភេទ ជាទំនិញល្មើសនឹងស្លាកសញ្ញា។

លោកបន្តថា ការខកខានក្នុងការបង្ហាញស្លាកសញ្ញាជាភាសាថៃ លើផលិតផលម្ហូបអាហារ ត្រូវពិន័យជាប្រាក់រហូតដល់ ៣០,០០០បាត ចំណែកអ្នកលក់គ្រឿងសម្អាង ដែលគ្មានស្លាកសញ្ញាថៃ ត្រូវប្រឈមនឹងការផាកពិន័យរហូតដល់ ១០,០០០បាត និង/ឬដាក់ពន្ធនាគាររហូតដល់មួយខែ។
លោកបានណែនាំដល់អ្នកប្រើប្រាស់ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន ទិញតែផលិតផលដែលមានស្លាកសញ្ញាថៃ ដែលរៀបរាប់លម្អិតអំពីឈ្មោះអាហារ ក្រុមហ៊ុនផលិត អ្នកនាំចូល ការផលិត និងកាលបរិច្ឆេទផុតកំណត់ និងលេខចុះបញ្ជីដោយ FDA៕ ដោយ ៖ រាជសីហ៍០៤
Leave a Reply