រកឃើញសិប្បកម្មផលិតដំណាប់ស្វាយ នៅស្រុកអង្គស្នួល បានបង្ហូរទឹកកខ្វក់ ចូលស្ទឹងព្រែកត្នោត

កណ្តាល ៖ បើមិនប្រឹងប្រែងរួមគ្នាទប់ស្កាត់សកម្មភាពនៃការបង្ហូរទឹកកខ្វក់ចូលប្រភពទឹកសាធារណៈទេនោះ បញ្ហាបំពុលទឹកនឹងកាន់តែធ្ងន់ធ្ងរជាក់ជាមិនខាននោះឡើយ។ រោងចក្រ សហគ្រាស និងកន្លែងអាជីវកម្មជាច្រើនត្រូវបានរកឃើញថា កំពុងធ្វើសកម្មភាពដោយខ្វះការទទួលខុសត្រូវលើបញ្ហាបរិស្ថាន និងសុខភាពសាធារណៈ។

នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ សិប្បកម្មផលិតដំណាំស្វាយមួយទៀត ស្ថិតនៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ត្រូវបានរកឃើញថា ធ្វើសកម្មភាពបំផ្លាញបរិស្ថាន បំពុលទឹកស្ទឹងព្រែកត្នោត តាមរយៈការបង្ហូរទឹកកខ្វក់មិនឆ្លងកាត់ប្រព័ន្ធចម្រោះឱ្យបានត្រឹមត្រូវតាមបច្ចេកទេសដែលកំណត់ដោយក្រសួងបរិស្ថាន។

បន្ទាប់ពីទទួលបានព័ត៌មានស្តីពីសកម្មភាពបង្ហូរទឹកកខ្វក់របស់សិប្បកម្មខាងលើនេះ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានចាត់ឱ្យ ក្រុមការងារអធិការកិច្ចប្រសិទ្ធភាពសុក្រឹត្យកម្មបរិស្ថានកិច្ចលើភាពស្អាត ដឹកនាំដោយលោក កែ វង្សវឌ្ឍនា អគ្គនាយករង ដោយមានការចូលរួមពីលោកអភិបាលរងស្រុកអង្គស្នួល ក្រុមប្រឹក្សាឃុំក្រាំងម្កាក់ មេភូមិព្រៃខ្លា និងមន្ទីរបរិស្ថានខេត្តកណ្ដាល ជួបប្រជុំ និងចុះត្រួតពិនិត្យលើការបញ្ចេញសំណល់រាវពីក្រុមហ៊ុន Ji Li Long (Cambodia) Fruit Industry Co., Ltd. ចូលស្ទឹងព្រែកត្នោត ស្ថិតនៅភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ក្រុមហ៊ុនខាងលើនេះ បានបើកដំណើរការសិប្បកម្មផលិតដំណាប់ស្វាយនៅឆ្នាំ២០២០ ដោយប្រើប្រាស់ស្វាយស្រស់ដែលមានបរិមាណប្រហែល ៣០តោន ក្នុងមួយថ្ងៃ និងប្រើប្រាស់ទឹកប្រមាណ៣០ម៉ែត្រគូប ក្នុងមួយថ្ងៃ ពីប្រភពទឹកស្អាត។

ក្រុមហ៊ុននេះ ពុំមានអាងប្រព្រឹត្តិកម្មសម្រាប់សម្អាតសំណល់រាវនោះទេ ដោយក្រុមហ៊ុនបានបង្ហូរសំណល់រាវចូលអាងស្ដុក រួចបូមបង្ហូរចូលស្ទឹងព្រែកត្នោតតាមរយៈទុយោបង្កប់ក្រោមដី។ ក្រុមហ៊ុន ក៏មិនមានរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងលិខិតអនុញ្ញាតបញ្ចេញសំណល់ពាក់ព័ន្ធនោះដែរ។

ក្រុមការងារបានរកឃើញថា ក្រុមហ៊ុន Ji Li Long (Cambodia) Fruit Industry Co., Ltd. បានបូមបង្ហូរសំណល់រាវចូលព្រែកត្នោតដោយផ្ទាល់ពុំបានធ្វើប្រព្រឹត្តិកម្មសម្អាត៕