
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានលើកឡើងថា ប្រជាពលរដ្ឋខ្មែរដែលបានចូលរួមអបអរសាទរ និងលេងកម្សាន្តសប្បាយនាថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរ នាពេលកន្លងមកនេះ ហាក់គ្មានខ្វល់ខ្វាយបារម្ភពីករណីការដំឡើងពន្ធគយ ៤៩ភាគរយ ពីសំណាក់រដ្ឋបាលអាមេរិករបស់លោក ដូណាល់ ត្រាំ ទេ ។

ក្នុងពិធីបើកសម័យប្រជុំលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ សម្តេចតេជោ បានមានប្រសាសន៍ថា បុណ្យចូលឆ្នាំខ្មែរ២០២៥ នេះ បានខុសប្លែកយ៉ាងខ្លាំងកាលពីឆ្នាំ១៩៧៥ ដោយគ្មានភាពខ្លាចអំពីបញ្ហាសង្រ្គាមអ្វីឡើយ ។
សម្តេចតេជោ ក៏បានសម្លឹងមើលឃើញថា សម្រាប់ចូលឆ្នាំខ្មែរឆ្នាំនេះ បានរៀបចំឡើងល្អនៅទូទាំងប្រទេស តាមរយៈការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តដោយមានពលរដ្ឋវ័យចំណាស់បាននាំគ្នារាំលេងសប្បាយហាក់រាំដើម្បីផ្តាំចាស់ ដោយគ្មានបានគិតខ្វល់ខ្វាយពីបញ្ហាពន្ធគយអ្វីនោះទេ ។
សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់ថា «ក៏ដូចគ្មានអ្នកណាមានកង្វល់រឿងពន្ធប៉ុន្មានភាគរយ ឬប៉ុន្មានភាគរយ ដូចជា ស្ងប់ស្ងាត់ក្នុងកាលៈទេសៈហ្នឹង លើកលែងតែពួកអ្នកវិភាគអត់គម្របនៅក្រៅប្រទេស ប៉ុន្តែអ្នកនៅក្នុងប្រទេសដូចជាមិនចាប់អារម្មណ៍រឿងពន្ធប៉ុន្មានភាគរយឬប៉ុន្មានភាគរយ ។ រឿងសំខាន់គឺគាត់សប្បាយរីករាយក្នុងឱកាសចូលឆ្នាំថ្មី ឥឡូវគាត់ត្រឡប់ចូលមកធ្វើការវិញ»។
ជាមួយគ្នាននេះដែរ សម្តេច ប្រធានព្រឹទ្ធសភា ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ ដែលបានចូលរួមរៀបចំ និងការពារសុវត្ថិភាពនាថ្ងៃចូលឆ្នាំ ដើម្បីបង្កបរិយាកាសរីករាយដល់ពលរដ្ឋគ្រប់រូប ដោយគ្មានការភ័យខ្លាចពីបញ្ហាអ្វីឡើយ ៕


Leave a Reply