សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជាមានរោងចក្រផលិតឡានសរុបចំនួន៩ ជាឡានមែនទែន មិនមែនឡានជ័រនោះទេ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា បច្ចុប្បន្នកម្ពុជាមានរោងចក្រដំឡើងរថយន្តចំនួន៩ ក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន៦ និងនៅខាងក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន៣។

សម្តេចធិបតីថ្លែងបែបនេះនៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការខ្សែច្រវាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford របស់ក្រុមហ៊ុន RMA Cambodia  នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ នាថ្ងៃទី២២ ខែមេសា ឆ្នាំ ២០២៥។

សម្តេចមានប្រសាន៍យ៉ាងដូច្នេះថា «កម្ពុជាមានរោងចក្រ ចំនួន៩ ដំឡើងរថយន្ត ក្នុងតំបន់សេដ្ឋកិច្ចពិសេសមាន៦ និងនៅខាងក្រៅមាន ៣ ចឹងបងប្អូនណាយល់ថាកម្ពុជាជាប្រទេសតែកសិកម្មនោះ សុំចាប់អារម្មណ៍ថាយើងមានរោងចក្រផលិតឡាន៩ គឺឡានមែនទែន មិនមែនឡានជ័រនោះទេ»។

សម្តេចបានបន្តថា កម្ពុជាមាន Robo មានគ្រឿងបច្ចេកទេសទំនើប ហើយបញ្ជារដោយកូនខ្មែររាប់ពាន់នាក់បើបូកទាំងរោងចក្រទាំង៩ ដែលនេះគឺជាសមត្ថភាពជាក់ស្តែង ដែលកម្ពុជាពីមុនធ្លាប់តែនាំចូល ឥឡូវនេះកម្ពុជាមានសមត្ថភាពទៅដល់ផលិតរថយន្តនៅក្នុងប្រទេសដើម្បីបម្រើទីផ្សារខាងក្នុង ខណៈថ្ងៃទៅខាងមុខអាចមានលទ្ធភាពផ្គុំនាំចេញរថយន្ត ព្រមទាំងបិទស្លាក Made in Cambodia ថែមទៀតផង៕