
ពោធិ៍សាត់ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានព្រមានដល់ក្រុមអ្នកនេសាទល្មើសច្បាប់នៅលើផ្ទៃបឹងទន្លេសាប កុំប្រើហិង្សាមកកងកម្លាំងនៅពេលចុះបង្ក្រាបបទល្មើស ខណៈ សម្តេច បានអនុញ្ញាតឱ្យប្រើវិធានការ ការពារខ្លួនផងដែរ។

នាឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យដំណើរការខ្សែសង្វាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford របស់ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក ស្ថិតនៅខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានព្រមានក្រុមអ្នកនេសាទល្មើសច្បាប់ ដែលតដៃ និងបើកទូកដេញបុកសមត្ថកិច្ច ថា កងកម្លាំង មានសិទ្ធិការពារខ្លួនគ្រប់យ៉ាង។
សម្តេចបវរធិបតី មានប្រសាសន៍ថា «ខ្ញុំ ដឹងថា ពេលខ្លះមានរហូតទៅដល់ការប្រើប្រាស់ ឧបករណ៍ឆក់ត្រីទ្រុងទ្រាយធំ ត្រូវបង្ក្រាប ហើយកងកម្លាំងប្រដាប់អាវុធរបស់យើង ត្រូវមានភាពម៉ឺងម៉ាត់ អ្នកខ្លះរហូតទៅដល់ចង់ដេញបាញ់កងកម្លាំងទៅទៀត ហើយអ្នកខ្លះឈានបើកបុកចង់សម្លាប់ កងកម្លាំងប្រដាប់អាវុធមានសិទ្ធិការងារខ្លួន»។
សម្តេចបវរធិបតី បន្ដថា នៅពេលសមត្ថកិច្ចអនុវត្តច្បាប់ មិនចង់ប្រើហិង្សាជាមួយប្រជាពលរដ្ឋនោះទេ ប៉ុន្តែបើសិនជាមានការបាញ់ប្រហារមកលើកងទ័ព ឬមួយ ក៏មានចេតនាធ្វើសកម្មភាពចង់ឱ្យគ្រោះថ្នាក់ណាមួយ កងទ័ព ឬកងកម្លាំងប្រដាប់អាវុធមានសិទ្ធិការពារខ្លួន។ សម្ដេច ថា «ខ្ញុំប្រាប់ ព្រោះប្រជាជនធម្មតាគ្មានអាវុធទេ។ អ៊ីចឹង អ្នកដែលប្រព្រឹត្តខុស កុំចង់សាកយកកាំភ្លើង បាញ់កងទ័ព បាញ់ប៉ូលិស បាញ់ប៉េអឹម កុំឱ្យសោះ! កុំយកទូកមកចង់បុក ពន្លិចទូក របស់កងកម្លាំងនៅកណ្ដាលទន្លេ»។
ក្រោយមានក្រុមអ្នកនេសាទល្មើសច្បាប់ បាញ់មកលើសមត្ថកិច្ច នោះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានប្រាប់កងទ័ព កងកម្លាំងសមត្ថកិច្ចទាំងអស់ ថា បើជនល្មើសគឃ្លើន ចង់សម្លាប់សមត្ថកិច្ចបែបនេះ សមត្ថកិច្ច ប្រើសិទ្ធិការពារខ្លួនបាញ់វិញទៅ ខណៈ សម្ដេច ចាំទទួលខុសត្រូវ តែត្រូវធ្វើឱ្យស្របច្បាប់ ព្រោះថា ដើម្បីការពារផលប្រយោជន៍រួម៕


Leave a Reply