ភ្នំពេញ ៖ នៅខ្វះតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ នឹងឈានចូលដល់ខួបគម្រប់ ៦ឆ្នាំ នៃថ្ងៃបំបែកកំណត់ត្រាឯតទគ្គកម្មពិភពលោក Guinness World Records ទូក ង វែងជាងគេលើពិភពលោករបស់កម្ពុជា ពោលគឺនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤។

យោងតាមគណនីហ្វេសប៊ុករបស់ ឯកឧត្តម បណ្ឌិត ងិន បាណាល់ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ បានបង្ហោះសារ និងរូបភាពមួយចំនួន រម្លឹកពីអនុស្សាវរីយ៍ជាមួយថ្នាក់ដឹកនាំនៅលើផ្ទៃទឹកទន្លេ ដើម្បីពិនិត្យ និងរៀបចំក្បួនសម្រាប់ពិធីបង្ហាញទូក ង វែងជាងគេរបស់កម្ពុជា ត្រៀមបំបែកឯតទគ្គកម្មពិភពលោក។

សំណេររបស់ឯកឧត្តម បណ្ឌិត ងិន បាណាល់ បានសរសេរមានខ្លឹមសារទាំងស្រុងថា “រយ:ពេល៦ឆ្នាំបានកន្លងទៅយ៉ាងឆាប់រហ័ស នៅលើកផ្ទៃជលសារ ពិនិត្យ និងរៀបចំក្បួនសម្រាប់ពិធីបង្ហាញទូក ង ដើម្បីបង្ហាញជូនតំណាង Guinness World Records” ។

សូមរម្លឹកជូនថា ទូក ង វែង ជាងគេរបស់កម្ពុជា ឬ Dragon Boat ដែលជាប់ឯតទគ្គកម្មពិភព លោក Guinness World Records កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ មានប្រវែងសរុប ៨៧.៣ម៉ែត្រ ទទឹង ១.៩៤ ម៉ែត្រ ជម្រៅ ០.៨ម៉ែត្រ និង មានចំណុះទូក ១៧៩នាក់។ ទូក ង នេះ ត្រូវបានប្រសិទ្ធនាមថា “កម្ពោជិកបុត្តាខេមរាតរី” ដែលមានអត្ថន័យ ថា “ទូក ង របស់កូនខ្មែរ នៅក្នុងដែនដីកម្ពុជា”។

“កម្ពោជិកបុត្តាខេមរាតរី” ត្រូវបានផលិតសម្រេចជាស្ថាពររហូតដល់ជាប់កំណត់ត្រាឯតទគ្គកម្មពិភពលោកនាពេលនោះ ក្រោមការដឹកនាំផ្ទាល់របស់ ឯកឧត្តម បណ្ឌិត ងិន បាណាល់ អនុប្រធានគណៈកម្មការផលិត និងរៀបចំពិធីបង្ហាញទូក ង (Dragon Boat) ដើម្បីបំបែកឯតទគ្គ កម្មពិភពលោក (Guinness World Records) ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការផលិត និងរៀបចំពិធីបង្ហាញទូក ង (Dragon Boat) ដើម្បីបំបែកឯតទគ្គកម្មពិភពលោក (Guinness World Records) និងមានការគាំទ្រពីសំណាក់ ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រួមទាំងមានការលើកទឹកចិត្តយ៉ាងពេញទំហឹងពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

ការផលិតបាននូវ ទូក ង វែងជាងគេ រហូតបានជាប់ឯតទគ្គកម្មពិភពលោក (Guinness World Records) គឺជាសមិទ្ធិផលដ៏អស្ចារ្យមួយកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារផលិត ដឹកនាំផ្ទាល់ដោយ ឯកឧត្តមបណ្ឌិត ងិន បាណាល់ ក្រោមការចង្អុលបង្ហាញពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ហើយសិមិទ្ធិផលនេះ គឺជាមោទនភាពរបស់ជាតិយើង៕

Leave a Reply