
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា កម្ពុជា មានឯករាជ្យភាព អធិបតេយ្យភាព ក្នុងការសម្រេចចិត្តផ្ទាល់ខ្លួនគ្មានអ្នកណាមកដាក់សម្ពាធបានទេ ហើយក៏គ្មានអ្នកណាដែលអាចមកសម្រេចចិត្តជំនួសកម្ពុជាបានឡើយ។

សម្តេចធិបតី លើកឡើងបែបនេះនៅក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិកំពត ស្ថិតក្នុងភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥។
សម្តេចធិបតីបានបញ្ជាក់យ៉ាងដូច្នេះថា “កម្ពុជា មានឯករាជ្យភាព អធិបតេយ្យភាព ក្នុងការសម្រេចចិត្តផ្ទាល់ខ្លួនគ្មានអ្នកណាមកដាក់សម្ពាធបានទេ ខ្ញុំសុំបញ្ជាក់ គ្មាន គោគ្មានស្ពៃនោះទេ គឺយើងយកទាំងអស់ ដើម្បីខ្លួនយើងបានរឹងមាំ យើងរស់បានយូរជីវិតជីវភាពរបស់ប្រជាពលរដ្ឋយើងកាន់តែសម្បូរសប្បាយ នេះគឺជាអ្វីដែលរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាប្រកាន់ជំហរច្បាស់លាស់”។
សម្តេចធិបតីបានបញ្ជាក់ទៀតថា កម្ពុជាអព្យាក្រឹត្យមិនចូលបក្សសម្ព័ន្ធ នឹងមិនចូលប្រទេសណាប្រឆាំងប្រទេសណានោះទេ យើងមិនទាំងអស់គ្នា។ ប្រទេសខ្លះអ្នកនយោបាយខ្លះមិនទាន់បានឡើងកាន់អំណាចផងជ្រើសរើសយកមួយរួចទៅហើយ ទម្រាំតែកាន់អំណាចទៀតទៅជាស្អី។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ប្រជាពលរដ្ឋយើងគួរតែមានមោទនភាព ខណៈប្រទេសយើងជាប្រទេសតូចដែលមានទំនាក់ទំនងល្អជាមួយប្រទេសចិនដែលជាប្រទេសមហាអំណាចមួយនៅលើពិភពលោក។ តាមរយៈដំណើរទស្សនកិច្ចរបស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិនមកកាន់កម្ពុជា គឺបង្ហាញកាន់តែច្បាស់អំពីទំនាក់ទំនងរឹងមាំរវាងកម្ពុជា និងចិន៕


Leave a Reply