គូសង្សារវ័យក្មេង ខាងប្រុសបញ្ចប់ជីវិតខាងស្រី ដោយសាររឿងប្រចណ្ឌ

សៀមរាប ៖ នារីវ័យក្មេងមួយរូបបានបាត់បង់ជីវិត ដោយសារស្នាដៃគូសង្សាររបស់ខ្លួន បង្កការភ្ញាក់ផ្អើលកាលពីវេលាព្រឹក ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចផ្ទះនារីរងគ្រោះ ស្ថិតនៅភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប។ 

សមត្ថកិច្ចឱ្យដឹងថា  នារីរងគ្រោះមានឈ្មោះ វណ្ណ សុភត្តា អាយុ២៥ឆ្នាំ មុខរបរលក់កាហ្វេនៅផ្ទះនិងជានិស្សិតឆ្នាំទី៤ រស់នៅចំណុចកើតហេតុ និងជនសង្ស័យមិនទាន់ស្គាល់អត្តសញ្ញាណ ប៉ុន្តែនៅក្នុងហ្វេសបុកមានឈ្មោះ ផាន់ ជិននី បានចាក់សម្លាប់នារីរងគ្រោះត្រូវចំនួន២៣កាំបិត។ 

ប្រភពព័ត៌មានបានបន្តថា ក្រោយធ្វើសកម្មភាពរួចជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់។ ក្រោយការភ្ញាក់ផ្អើលសមត្ថកិច្ច​បានរកឃើញ  ម៉ូតូរបស់ជនសង្ស័យ ប្លុងចោលនៅត្រង់ចំណុចក្បែរខ្លោងទ្វារខាងលិចក្រុងអង្គរធំ ( ទ្វារតាកៅ )។ 

នៅលើហ្វេសបុករបស់ជនសង្ស័យ បានបង្ហោះជាវីដេអូនិងបង្ហោះសារជាច្រើន ដែលអាចសន្និដ្ឋានបានថា ជនសង្ស័យប្រចណ្ឌខ្លាំងជាមួយ នារីរងគ្រោះ។

បច្ចុប្បន្នកម្លាំងជំនាញ កំពុងស្វែងរកជនបង្កដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់៕ ដោយ ៖ រាជសីហ៍០៣