ភ្នំពេញ ៖ ជនសង្ស័យ០៥នាក់ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់ កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅក្នុងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីក្លែងឯកសាររថយន្ដ និងលក់រថយន្ដអត់ពន្ធ។

សមត្ដកិច្ចបានឱ្យដឹងនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះថា កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានស្រាវជ្រាវបង្ក្រាបក្រុមជនក្លែងឯកសាររថយន្ដ និងលក់រថយន្ដអត់ពន្ធ ដោយឃាត់ជនសង្ស័យ០៥នាក់ និងដកហូតរថយន្ត២គ្រឿង ។
ប្រតិបត្តិការនេះដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល, វរសេនីយ៍ទោ វុធ ស៊ែ អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ជនសង្ស័យទាំង៥នាក់ រួមមាន ទី១៖ ឈ្មោះ នុន វិបុល អាយុ៤១ឆ្នាំ មុខរបរអ្នកលក់ទូរស័ព្ទ, ទី២ ៖ ឈ្មោះ ផាន់ ធារិទ្ធ អាយុ២៣ឆ្នាំ មុខរបរជាងទូរស័ព្ទ, ទី៣៖ឈ្មោះ ហ៊ុន បាឡុង អាយុ៣០ឆ្នាំ មុខរបរអ្នកលក់រថយន្ដ, ទី៤៖ឈ្មោះ ចេង រស្មី អាយុ២៩ឆ្នាំ និងទី៥ ៖ ឈ្មោះ ហ៊ត ដាវ៉ា អាយុ៣០ឆ្នាំ មុខរបរទិញ លក់ឡាន។ វត្ថុតាងដកហូត រថយន្ដ ម៉ាក LEXUS RX350 ពណ៌ស ផលិត ឆ្នាំ២០១០ និងរថយន្ដម៉ាក AUDI Q7 ពណ៌ស ផលិតឆ្នាំ២០១២ ជាមួយឯកសារមិនប្រក្រតីមួយ។
បច្ចុប្បន្ន ជនសង្ស័យខាងលេី និងវត្ថុតាងបានកសាង សំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ៕ ដោយ ៖ រាជសីហ៍០៣
Leave a Reply