ក្រុមហ៊ុនអាកាសចរណ៍ចិន ចង់នាំចេញកសិផលកម្ពុជាទៅទីផ្សារចិន និងអន្តរជាតិតាមជើងយន្តហោះរបស់ខ្លួន

ក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co.,Ltd បានបង្ហាញពីបំណងចង់នាំចេញកសិផលសក្តានុពលកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន និងទីផ្សារអន្តរជាតិតាមជើងយន្តហោះ។ នេះបើតាមរយៈជំនួបពិភាក្សាការងាររវាងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយលោក Lu Wei ប្រធានក្រុមហ៊ុនអាកាសចរណ៍ កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ ឯកឧត្តម ឌិត ទីណា បានស្វាគមន៍គណៈប្រតិភូចិន ដែលមានបំណងចង់នាំចេញកសិផលសក្តានុពលកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន និងទីផ្សារអន្តរជាតិតាមជើងយន្តហោះ និងពិនិត្យស្នើសុំគោលការណ៍ណែនាំក្នុងវិស័យកសិកម្មកម្ពុជា។

ឯកឧត្តមក៏បានណែនាំឱ្យគណៈប្រតិភូចិន បង្កើនការផ្សព្វផ្សាយនិងស្វែងរកទីផ្សារសម្រាប់កសិផលកម្ពុជាជាមុន ដោយផ្ដោតសំខាន់លើផលិតផលប្រណីត មានគុណភាពល្អ អាចលក់ចេញក្នុងតម្លៃខ្ពស់ ដើម្បីផ្ដល់ផលចំណេញដល់កសិករ និងក្រុមហ៊ុន។

ឯកឧត្តម ឌិត ទីណា បានគូសបញ្ជាក់ថា ភស្តុភារកម្មក៏ជារឿងមួយសំខាន់ផងដែរ ដែលត្រូវគិតគូរ បង្កើតកន្លែងប្រមូលផ្តុំមួយដែលមានស្តង់ដាអន្តរជាតិ និងអាចនាំចេញទៅក្រៅប្រទេស។

កម្ពុជានឹងជួយគាំទ្រការរៀបចំស្តង់ដា និងលក្ខណៈពិសេសនៃកសិផលកម្ពុជាសម្រាប់ការនាំចេញ។ ម្យ៉ាងវិញទៀត ភាគីចិនត្រូវសហការជាមួយក្រសួងកសិកម្ម ដើម្បីសិក្សារួមគ្នាពីកសិផលដែលអាចនាំចេញបានតាមជើងយន្តហោះ មានតម្លៃខ្ពស់ និងទទួលបានផលចំនេញទាំងអស់គ្នា៕