តុលាការសម្រេចឃុំខ្លួន ជនត្រូវចោទ លីសាម៉េត ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន

ភ្នំពេញ ៖ ចៅក្រមស៉ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ថោង ផល្លារង្សី នៅរសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានសម្រេចឃុំខ្លួន ជនត្រូវចោទ លី សាម៉េត ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ក្រោមបទចោទ  ឆបោក ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីខែកញ្ញា ឆ្នាំ២០២២ និងខែតុលា ឆ្នាំ ២០២២ តាមបញ្ញត្តិមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ។

តាមដីកាបង្គាប់ឱ្យឃុំខ្លូន បានបង្គាប់ ១-ឲ្យភ្នាក់ងារមានសមត្ថកិច្ច នៃកងកម្លាំងសាធារណៈធ្វើការនាំខ្លួនជនត្រូវចោទដែលមានឈ្មោះ លី សាម៉េត ភេទប្រុស កើតថ្ងៃទី១២ ខែធ្នូ ឆ្នាំ១៩៥៣ ទៅមណ្ឌលអប់រំកែប្រែទី១ “ម១” ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់។ ២-ឲ្យប្រធានមណ្ឌលអប់រំកែប្រែទី១ “ម១” ទទួល និងឃុំខ្លួនជននេះរហូត ដល់មានបញ្ជាថ្មីសម្រេចផ្សេងពីនេះ និង៣-ឲ្យគ្រប់ភ្នាក់ងារនៃកងកម្លាំងសាធារណៈទាំងអស់ សហការអនុវត្តឲ្យបានល្អនៅពេលដីកានេះត្រូវបានបង្ហាញក្នុងករណីចាំបាច់។ 

ឈ្មោះ លី សាម៉េត ត្រូវបានសមត្ថកិច្ចនាំខ្លួនពីខេត្តព្រះសីហនុ កាលពីព្រលប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បញ្ជូនមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហើយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនមកស្ថាប័នតុលាការនៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីចាត់ការបន្តតាមនីតិវិធី។ 

សូមជម្រាបថា នៅរសៀលថ្ងៃទី០៤ ខែវិច្ឆិកា លី សាម៉េត បានបង្ហាញខ្លួនតាមរយៈហ្វេសបុក សុំទោស សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ។ ភ្លាមៗបន្ទាប់ពីបានឃើញវីដេអូរបស់ លី សាម៉េត , សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់សារជាថ្មីថា លី សាម៉េត ត្រូវតែទទួលទោសតាមផ្លូវច្បាប់ដូច ដួង តារា ដែរ។ “ជំនួយការរបស់ខ្ញុំម្នាក់ ឈ្មោះ ដួង តារា ត្រូវបានឃាត់ខ្លួនរង់ចាំការកាត់ទោស ដោយសារជាប់ពាក់ពន្ធ័ឆបោកជាមួយ លី សាម៉េត នេះ។ សូមនគរបាលយុត្តិធម៌នាំខ្លួន លី សាម៉េត បញ្ជូនទៅតុលាការតាមនីតិវិធី មិនត្រូវឱ្យស្ថិតនៅក្រៅសំណាញ់ច្បាប់ទៀតទេ” ។ 

កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ សម្ដេចតេជោហ៊ុន សែន  បានបង្ហោះសារ ដើម្បីបញ្ចប់មន្ទិលសង្ស័យនានា និងស្នើសមត្ថកិច្ចចាត់ការតាមនីតិវិធីច្បាប់ចំពោះ លី សាម៉េត ដែលតែងតែប្រើប្រាស់ឈ្មោះសម្ដេច បោកប្រាស់គេជាច្រើននាក់ យកលុយជាបន្តបន្ទាប់ និងមានចំនួនទឹកប្រាក់ច្រើនសន្ធឹកសន្ធាប់ ជាមួយការសន្យាដំឡើងតួនាទីមុខតំណែងក្នុងជួររាជរដ្ឋាភិបាល។ 

បន្ទាប់មក ដួង តារា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅស្ថាប័នតុលាការ ហើយត្រូវបានតំណាង អយ្យការចោទប្រកាន់ពីបទ ឆបោក រួចបញ្ជូនទៅពន្ធនាគារឃុំខ្លួនបណ្ដោះអាសន្ន កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤៕ ដោយ ៖ រាជសីហ៍០២