សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពី មូលហេតុការផ្ញើលិខិតជូនឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ

ក្នុងពិធីសម្ពោធស្ពានអាកាស មរតកតេជោ នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃចន្ទ ទី៧ ខែមេសា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ ពាក់ព័ន្ធនឹងការដំឡើងអត្រាពន្ធរបស់សហរដ្ឋអាមេរិកមកលើផលិតផលកម្ពុជា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា “មិនថាប្រមុខរដ្ឋ ឬនាយករដ្ឋមន្ត្រី ប្រទេសណានោះទេ គឺគេគិតប្រយោជន៍គេ សម្តេចក៏ដូចគ្នា គឺគិតប្រយោជន៍កម្ពុជា។ដូច្នេះទើបសម្តេចផ្ញើលិខិតឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ដើម្បីស្នើពន្យារ និងស្នើសុំចរចា។គ្រាន់តែវិធីសាស្រ្តនៃការធ្វើគឺខុសៗគ្នា”។ សម្តេចបានបញ្ជាក់ទៀតថា បើនិយាយឱ្យស្រួលយល់ គឺយើងនាំចូលផលិតពីអាមេរិកតិច ហើយនាំចេញផលិតផលទៅអាមេរិកច្រើន។

ពាក់ព័ន្ធនឹងបញ្ហាពន្ធនេះដែរ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសកាត់បន្ថយពន្ធគយភ្លាមៗលើទំនិញនាំចូលពីសហរដ្ឋអាម៉េរិកចំនួន១៩ មុខ និងបានស្នើសុំភាគីអាម៉េរិកចរចាទាក់ទងនឹងការអនុវត្តពន្ធគយលើទំនិញនាំចូលពីកម្ពុជា។ នេះបើយោងតាមសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនឯកឧត្តមប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ។

ក្នុងសារលិខិតចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥ សម្តេចធិបតីបានមានប្រសាសន៍ថា ឆ្លើយតបទៅនឹងការប្រកាសរបស់ឯកឧត្តម ដូណាល់ ត្រាំ កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ស្តីពីការយកពន្ធគយ ៤៩ភាគរយ លើផលិតផលពីកម្ពុជា ចាប់ពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះតទៅ កម្ពុជាស្នើឱ្យមានការចរចាជាមួយភាគីអាម៉េរិកឱ្យបានឆាប់បំផុត និងស្នើឱ្យរដ្ឋាភិបាលអាម៉េរិកពិចារណាពន្យារពេលការអនុវត្តពន្ធគយខាងលើនេះ។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការចូលរួមក្នុងកិច្ចសន្ទនាប្រកបដោយការស្ថាបនា និងផលិតភាពជាមួយរដ្ឋាភិបាលអាម៉េរិក ដើម្បីធ្វើយ៉ាងណាឱ្យពាណិជ្ជកម្មទ្វេភាគីកាន់តែស៊ីជម្រៅថែមទៀត ដើម្បីឱ្យប្រទេស និងប្រជាជនទាំងពីរទទួលបានអត្ថប្រយោជន៍ជាក់ស្តែងពីទំនាក់ទំនងពាណិជ្ជកម្មនេះ៕