កណ្ដាល ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានចេញអនុក្រឹត្យសម្រេចតែងតាំង លីវ វណ្ណថេង ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ១ ឱ្យកាន់មុខតំណែង ជាអភិបាលនៃគណៈអភិបាលស្រុកល្វាឯម ខេត្តកណ្ដាល។ អនុក្រឹត្យស្ដីពីការតែងតាំងមន្រ្តីរាជការនេះ យោងតាមសំណើរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ មុនទទួលបានអនុក្រឹត្យនេះ លោក លីវ វណ្ណថេង ជាអភិបាលរងស្រុក កៀនស្វាយ ខេត្តកណ្ដាល ជំនួសលោក កន សុខកាយ ដែលត្រូវ រាជរដ្ឋាភិបាលកម្ពុជា បញ្ចប់មុខតំណែងកាលពីពេលថ្មីៗនេះ។

សូមជម្រាបថា នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យសម្រេច បញ្ចប់មុខតំណែង លោក កន សុខកាយ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ពីអភិបាលនៃគណៈអភិបាលស្រុកល្វាឯម នៃខេត្តកណ្តាល ដោយសារសាមីខ្លួនបានប្រព្រឹត្តកំហុសក្រមសីលធម៌ និងវិជ្ជាជីវៈ ធ្ងន់ធ្ងរ ផ្ទុយនឹងច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងអំឡុងពេលស្ថិតនៅក្នុងមុខតំណែងជាអភិបាលស្រុកល្វាឯម លោក កន សុខកាយ បានប្រកាសថា ខ្លួនបានចាញ់លោក លី សាម៉េត នូវទឹកប្រាក់ចំនួន៣០ម៉ឺនដុល្លារ។ លោក កន សុខកាយ បានរៀបរាប់ថា ប្រាក់ចាញ់បោកនោះ គឺលោក លី សាម៉េត យកទៅដើម្បីដោះដូរមុខតំណែងដំឡើងជាអភិបាលក្រុងអរិយក្សត្រ។ បច្ចុប្បន្នបុគ្គល លី សាម៉េត ត្រូវបាននគរបាលទទួលផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានបញ្ជូនដល់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តនីតិវិធីតាមផ្លូវច្បាប់៕ ដោយ ៖ រាជសីហ៍០២


Leave a Reply