មន្រ្តីក្រសួងបរិស្ថាន រកឃើញជាលើកទី២ ករណី រោងចក្រកែច្នៃស្បែកសត្វជ្រូក នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានបញ្ចេញសំណល់រាវ ចូលក្នុងតំបន់ទឹកសាធារណៈ

ភ្នំពេញ ៖ មន្រ្តីក្រសួងបរិស្ថាន រកឃើញជាលើកទី២ ករណី រោងចក្រកែច្នៃស្បែកសត្វជ្រូក របស់ក្រុមហ៊ុន CS TAN CO., LTD. នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានបញ្ចេញសំណល់រាវ ពុំបានសម្អាតត្រឹមត្រូវ និងលើសកម្រិតស្តង់ដារ ចូលទៅក្នុងតំបន់ទឹកសាធារណៈ។

ដោយមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋកាលពីពេលថ្មីៗកន្លងមកនេះ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ ក្រុមការងារសុក្រិត្យកម្មបរិស្ថានកិច្ច បានចុះត្រួតពិនិត្យជាថ្មីម្តងទៀត លើទីតាំងក្រុមហ៊ុន CS TAN CO., LTD. ដែលបានកែច្នៃស្បែកសត្វជ្រូក មានទីតាំង នៅភូមិឫទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ 

ក្រុមការងារ បានពិនិត្យឃើញថា ក្រុមហ៊ុនបានដកទុយោ HDPE ដែលពីមុនបានជីក បង្កប់ក្នុងដី ដើម្បីបង្ហូរសំណល់រាវ ចេញទៅតំបន់ទឹកធម្មជាតិ (ព្រែកកន្លង់) ដែលស្ថិតនៅចម្ងាយប្រមាណ៧០០ម៉ែត្រ នៅខាងក្រោយរោងចក្រ ប៉ុន្តែក្រុមហ៊ុនបានកាយប្រឡាយ ដីជំនួសវិញ ដើម្បីឲ្យទឹក ដែលដក់នៅផ្នែកខ្លះក្បែរទីតាំងក្រុមហ៊ុន ដែលមិនបានសម្អាតត្រឹត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងលើសស្តងដា ឱ្យបន្តហូរចូលព្រែកន្លង់នេះដដែល។ ក្រុមការងារ បានដាក់ម៉ាស៊ីនត្រួតពិនិត្យគុណភាពទឹកកន្លែងបញ្ចេញពីរោងចក្រ និងនៅផ្នែកខ្សែទឹកខាងក្រោម ក្នុងព្រែកកន្លង់ ទឹកមានពណ៌ខ្មៅនិងមានក្លិនស្អុយដដែល ហើយកំហាប់សាធាតុពុលលើសកម្រិតស្តង់ដា។ ក្រុមការងារបានយកសំណាក់ទឹក នៅតាមតំបន់ខាងលើ មកពិនិត្យក្នុងមន្ទីរពិសោធន៍នៅរាជធានីភ្នំពេញបន្ថែមទៀតផងដែរ។ 

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៦-២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមការងារជំនាញរបស់ក្រសួងបរិស្ថាន បានរកឃើញរោងចក្ររបស់ក្រុមហ៊ុន CS TAN CO., LTD. បានប្រព្រឹត្តល្មើសច្បាប់ ដោយបានបញ្ចេញសំណល់រាវចេញពីរោងចក្រ ចូលព្រែកកន្លង់ និងបានបូមបន្តដើម្បីចាក់ ចូលទៅសមុទ្រ។ ក្រោយពេលក្រសួងបរិស្ថានចាត់វិធានការច្បាប់ដល់ក្រុមហ៊ុន កន្លងមក ក្រុមហ៊ុនបានលប់ប្រឡាយជីកសម្រាប់បបង្ហូរសំណល់រាវទៅសមុទ្រ ដែលក្រុមការងារក្រសួងបរិស្ថាន ធ្លាប់រកឃើញបានរួចរាល់ហើយ។ 

លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបញ្ជាឱ្យក្រុមហ៊ុន CS TAN CO., LTD. បញ្ឈប់ជាបន្ទាន់ ការបង្ហៀរសំណល់រាវ ដែលពុំបានសម្អាតត្រឹមត្រូវ និងបានបង្កឱ្យមានការបំពុលប្រភពទឹកស្អាត។ លោក រដ្ឋមន្រ្តី បានលើកឡើងចំណាត់ការច្បាប់មិនលើកលែង ចំពោះក្រុមហ៊ុន ដោយអនុលោមតាមក្រមបរិស្ថាននិងធនធានធម្មជាតិ៕