
ក្រុមការងារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងធ្វើការពិនិត្យឲ្យបានម៉ត់ចត់លើការប្រកាសដំឡើងពន្ធទំនិញរបស់កម្ពុជា ទៅទីផ្សារអាមេរិក ៤៩ភាគរយ ដើម្បីធានាបានសំណោះស្រាយ និងមានសេដ្ឋកិច្ចល្អប្រសើរ។ នេះជាការបញ្ជាក់របស់ឯកឧត្តម មាស សុខសេនសាន នៅថ្ងៃទី ៣ មេសានេះ។

អ្នកនាំពាក្យដដែល បានលើកឡើងដូច្នេះថា៖ ក្រុមការងារយើងពិនិត្យហើយនឹងមើលពីផលវិបាកនៃការដំឡើងនេះ បន្ទាប់មកយើងនឹងមានវិធានការជាក់លាក់ម៉ត់ចត់បំផុត ជាដំណោះស្រាយធ្វើយ៉ាងមិចធានាឲ្យសេដ្ឋកិច្ចបន្តមានភាពប្រកួតប្រជែង សម្រាប់កំណើន និងការងាររបស់ពលរដ្ឋ។
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា នៅពេលនេះ កម្ពុជា មិនទាន់អាចវាយតម្លៃបានទេ ទៅលើផលប៉ះពាល់ពីការដំឡើងពន្ធរបស់អាមេរិកនេះ។
អ្នកឧកញ៉ា លើកឡើងបែបនេះថា ៖ ខ្ញុំយល់ថា ចាំការអនុវត្តចូលជាធរមាន ហើយការអនុវត្តនេះក្នុងរយៈពេលណាមួយ ដែលយើងអាចវាយតម្លៃបានថាវាប៉ះពាល់ក្នុងការវិនិយោគអានឹងបានយើងសន្និដ្ឋានបាន។
លោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា (AmCham Cambodia) រដ្ឋបាលលោក ត្រាំ បានប្រកាសដំឡើងពន្ធ ៤៩% លើទំនិញកម្ពុជា ដែលនឹងចូលជាធរមាន នៅថ្ងៃទី ៩ មេសា ប្រសិនបើមិនដោះស្រាយទេ វាអាចប៉ះពាល់ដល់សេដ្ឋកិច្ច។

លោកកត់សម្គាល់ថា នៅឆ្នាំ ២០២៤ កម្ពុជាបាននាំចេញទៅសហរដ្ឋអាមេរិកចំនួន ១២,៨ ពាន់លានដុល្លារ ប៉ុន្តែបាននាំចូលមកវិញត្រឹមតែ ៣០០ លានដុល្លារប៉ុណ្ណោះ។
អ្នកជំនាញអភិវឌ្ឍសេដ្ឋកិច្ច សង្គម លោកបណ្ឌិត ជ័យ តិច យល់ថា ការដំឡើងពន្ធរបស់អាមេរិកនេះ អាចជះឥទ្ធិពលមកលើសេដ្ឋកិច្ចទាំងមូល។ ប៉ុន្តែអ្នកជំនាញសេដ្ឋកិច្ចដដែល មើលឃើញថា កម្ពុជា អាចធ្វើការចរចា ដោយទម្លាក់ពន្ធទំនិញនាំចូលពីអាមេរិក ដើម្បីសម្រួលស្ថានការណ៍។

«ប្រទេសកម្ពុជា គួរតែឆ្លៀតធ្វើការចរចាជាមួយអាមេរិក ក្នុងការទម្លាក់អត្រាពន្ធទំនិញអាមេរិកដែលនាំចូលមកកម្ពុជាពី ៩៧% មកអត្រាណាមួយដែលសមស្រប ព្រោះទំនិញនាំចូលពីអាមេរិកឆ្នាំ ២០២៤ មានត្រឹម ដុល្លា៣០០រប៉ុណ្ណោះ ខណៈដែលកម្ពុជា នាំចេញទៅអាមេរិករហូតដល់ជាង ១០ពាន់លានដុល្លារ ដូច្នេះទេ កម្ពុជា ត្រូវតែចរចាជាមួយអាមេរិក ឲ្យបានមុនថ្ងៃឱសានវាទ ៩មេសា។
ដោយឡែក លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា មើលឃើញថា ការនុវត្តរបស់រដ្ឋបាល ដូណាល់ ត្រាំ គឺមានចេតនាចង់ឲ្យរដ្ឋាភិបាលកម្ពុជា ទម្លាក់ពន្ធពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យមានតុល្យភាពគ្នា។ ប៉ុន្តែបើរដ្ឋាភិបាល មិនដោះស្រាយទាន់ពេលវេលា កម្ពុជា អាចរងផលប៉ះពាល់ដល់ពលរដ្ឋរាប់សែននាក់ ដែលកំពុងបម្រើការងារក្នុងវិស័យរោងចក្រ។
ទោះយ៉ាងណា ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ យល់ថា ការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក មិនប៉ះពាល់ ១០០% សម្រាប់វិស័យនាំចេញរបស់កម្ពុជានោះទេ។
ថ្លែងប្រាប់ AKP នៅថ្ងៃទី ៣ មេសានេះ ឯកឧត្តម រដ្ឋមន្រ្តី សម្រាប់ឆ្នាំ២០២៥នេះ ផលប៉ះពាល់គឺមិនមាននោះទេ ដោយសារការបញ្ជាទិញសម្រាប់វិស័យកាត់ដែរ គឺមានមុនពេលដែលពន្ធត្រូវបានដាក់ ហើយការដាក់ពន្ធនេះគឺមិនមែនដាក់តែលើកម្ពុជានោះទេ គឺដាក់គ្រប់ប្រទេសដែលនាំចេញសម្លៀកបំពាក់។ ប្រសិនជាគេលុបចោលការបញ្ជាទិញ គេក៏ត្រូវបង់ការពិន័យនៃការលុបចោល ដែលចំណាយដើមទុនច្រើនជាងថ្លៃបង់ពន្ធ។
អាមេរិកប្រកាសដំឡើងពន្ធនាំចូលទំនិញពីកម្ពុជា ៤៩% ខ្ពស់ជាងគេទាំងអស់ បើធៀបនឹងប្រទេសលើពិភពលោក ក៏ដូចជាអាស៊ាន។ ក្នុងនោះ កម្ពុជា ៤៩%, ឡាវ ៤៨% , វៀតណាម ៤៦%, ភូមា ៤៤%, ៣៦%, ឥណ្ឌូណេស៊ី ៣២% , ម៉ាឡេស៊ី ២៤%, ហ្វីលីពីន ១៧% និងសិង្ហបុរី ១០% ប៉ុណ្ណោះ។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងឆ្នាំ២០២៤ ពាណិជ្ជកម្មកម្ពុជា-អាមេរិក សម្រេចបានទឹកប្រាក់ជាង ១០ពាន់លានដុល្លារ។ ក្នុងនោះ ការនាំចេញរបស់កម្ពុជាទៅអាមេរិក មានចំនួន ៩,៩២ពាន់លានដុល្លារ ខណៈអាមេរិកនាំចូលវិញ មានចំនួនជាង ២៦០លានដុល្លារ៕


Leave a Reply