
អ្នកវិភាគទីផ្សារមាស បានព្យាករណ៍ថា ទីផ្សារមាសនៅកម្ពុជា នឹងស្ទុះឡើងដល់ ៤៥០០ដុល្លារ មួយតម្លឹង ក្នុងពេលឆាប់ៗខាងមុខនេះ។
គិតត្រឹមថ្ងៃទី ២ ខែមេសានេះ តម្លៃមាសកម្ពុជា បានកើនឡើងដល់ ៣,៧៩៧ ក្នុងមួយតម្លឹង ពោលគឺកើនឡើងប្រមាណជាង ១៧០ដុល្លារ បើធៀបនឹងសប្តាហ៍មុន មានតម្លៃ ៣៦១៩ដុល្លារ ក្នុងមួយតម្លឹង។

អ្នកជំនាញទីផ្សារមាស លោក អឿន សុខន មើលឃើញថា មានកត្តាសំខាន់ៗមួយចំនួន ដែលជំរុញឲ្យតម្លៃមាសឡើងថ្លៃជាបន្តបន្ទាប់។ កត្តាទាំងនោះ រួមមាន ភាពមិនប្រាកដប្រជានៃគោលនយោបាយពាណិជ្ជកម្ម ក្រោមរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ដែលដំឡើងពន្ធគយ លើរថយន្ត គ្រឿងបន្លាស់ និងគ្រឿងបរិភោគផ្សេងទៀត ជាពិសេសការគំរាមលើប្រទេសដែលទិញប្រេងរុស្សី អាចដំឡើងពី ២៥%- ៥០% ដែលគ្រោងចូលជាធរមាន នៅថ្ងៃទី០២ ខែមេសានេះ។

ជាមួយគ្នានេះ ភាពតានតឹងភូមិសាស្ត្រនយោបាយ ដែលកំពុងបន្តកើតឡើងរវាងអ៊ុយក្រែន និងរុស្សី ខណៈអាមេរិកគំរាមឲ្យពូទីន ចុះកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។ ហើយការប្រមូលទិញមាសពីធនាគារកណ្តាលធំៗ ជាបន្តបន្ទាប់ ក៏រុញឲ្យតម្លៃមាសឡើងថ្លៃផងដែរ។

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន PP Link securities លើកឡើងថា តម្លៃមាសឡើងថ្លៃ ជាឱកាសសម្រាប់ពលរដ្ឋខ្មែរ ដែលចង់វិនិយោគ អាចទទួលបានចំណូលពីវិស័យនេះ។ ប៉ុន្តែលោកថា ការវិនិយោគ គឺត្រូវតែមានការប្រុងប្រយ័ត្ន និងត្រូវមានចំណេះដឹងខ្ពស់ ដើម្បីជៀសវាងហានិភ័យ។

លោកបន្តថា «កត្តាដែលឲ្យអ្នកវិនិយោគទទួលបានជោគជ័យ ត្រូវមានចំណេះដឹង អាចនិយាយបានថា ដឹងពីការប្រែប្រួលហាងឆេងមាស និងត្រូវមានទីប្រឹក្សាដែលឆ្លាតវៃ..លើសពីនេះទៀត ត្រូវមានដើមទុន បើសិនដើមទុនមានកម្រិត ហើយការជួញដូរមិនបានគណនាទៅតាមដើមទុនក៏មានហានិភ័យដែរ»។

មាស ត្រូវបានចាត់ទុកជា លោហៈធាតុកម្រ។ វាត្រូវបានប្រើជាទុនបម្រុងសម្រាប់គ្រប់គ្រងហានិភ័យក្នុងប្រទេសក្នុងគ្រាមានវិបត្តិដូចជា សង្គ្រាម ការប្រែប្រួលរូបិយប័ណ្ណ អតុល្យភាពពាណិជ្ជកម្ម និងវិបត្តិបំណុលជាដើម។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ស៊ុំ សន្និសិទ្ធ អគ្គទេសាភិបាលរងធនាគារជាតិ កាលពីពេលថ្មីៗនេះ។

យោងតាមធនាគារជាតិ បច្ចុប្បន្ននេះ កម្ពុជា មានមាស សម្រាប់ជាទុកបម្រុងជាតិកើនដល់ជាង ៥០តោនហើយ ដែលត្រូវបានប្រមូលទុកចាប់តាំងពីរដ្ឋាភិបាលអាណត្តិដំបូង នៅក្នុងឆ្នាំ១៩៩៣មក៕


Leave a Reply