
បើគ្មានការប្រែប្រួល គម្រោងស្ថាបនាផ្លូវជាតិលេខ១០ តភ្ជាប់ខេត្តចំនួនបី គឺពីស្រុកសំឡូតខេត្តបាត់ដំបង វាលវែង ខេត្តពោធិ៍សាត់ និងក្រុងខេមរភូមិន្ទ ខេត្តកោះកុង នឹងបើកឱ្យប្រជាពលរដ្ឋឆ្លងកាត់បណ្ដោះអាសន្នរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី១១-១៧ ខែមេសា ឆ្នាំ២០២៥ ពោលគឺនៅមុន និងអំឡុងបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ដំណាលគ្នានឹងស្ពានខ្ពស់ជាងគេនៅកម្ពុជា ដែលសណ្តូកខ្លួនកាត់ស្ទឹងឬស្សីជ្រុំ ស្ថិតនៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។ នេះបើតាមក្រសួងសាធារណការ និងដឹកជញ្ជូន។

បច្ចុប្បន្នគម្រោងស្ថាបនាផ្លូវជាតិលេខ១០ ដែលមានប្រវែងជិត ២០០គីឡូម៉ែត្រ សម្រេចការសាងសង់បានជិត ១០០ភាគរយហើយ។
បើតាមក្រសួងសាធារណការ បានឱ្យដឹងថា ផ្លូវជាតិលេខ១០ ជាប្រភេទផ្លូវ Grade III ក្រាលកៅស៊ូពីរស្រទាប់ DBST សាងសង់ផ្លូវរយៈពេល៦៦ខែ ដោយចាប់ផ្ដើមសាងសង់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ និងគ្រោងបញ្ចប់អំឡុងខែមិថុនា ឆ្នាំ២០២៥នេះ។

ផ្លូវជាតិលេខ១០ មានសក្តានុពល ជួយសម្រួលដល់ការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋ និងការដឹកជញ្ជូនទំនិញផ្សេងៗ ពីខេត្តបាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន ទៅកាន់ខេត្តកោះកុង ចុះទៅកំពង់ផែ ដោយមិនចាំបាច់ឆ្លងកាត់រាជធានីភ្នំពេញទៀតនោះទេ។

សូមបញ្ជាក់ថា គម្រោងសាងសង់ផ្លូវនេះ រាជរដ្ឋាភិបាលបានបន្ថែមខ្ទង់ចំណាយ ៥៧លានដុល្លារ លើគម្រោងចាស់ដែលមានចំនួន ១៨៨លានដុល្លារអាមេរិក ក្រោមហិរញ្ញប្បទានពីប្រទេសចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា៕

Leave a Reply