រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្រើនរំលឹកដល់អ្នកសារព័ត៌មានទាំងអស់ សូមផ្ទៀងផ្ទាត់ប្រភពព័ត៌មានឱ្យបានច្បាស់លាស់ មុននឹងចេញផ្សាយជាសាធារណៈ

ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានក្រើនរម្លឹកបន្ថែមដល់អ្នកសារព័ត៌មានទាំងអស់ សូមប្រឹងប្រែងផ្ទៀងផ្ទាត់ប្រភពព័ត៌មានឱ្យបានច្បាស់លាស់ មុននឹងចេញផ្សាយជាសាធារណៈ សូមផ្ទៀងផ្ទាត់ប្រភពព័ត៌មានឱ្យបានច្បាស់មុននឹងចេញផ្សាយ, ប្រភពព័ត៌មានខ្លះមិនមានភាពស្មោះត្រង់ ជាមួយអ្នកសារព័ត៌មាននោះទេ។

ក្នុងសន្និសីទសារព័ត៌មានស្តីពី យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» “Say No to Fake News” នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា អ្នកសារព័ត៌មាន ត្រូវតែគោរពក្រមសីលធម៌វិជ្ជាជីវៈ និងផ្សាយពីព័ត៌មានពិតប្រាកដ មិនមែនជាព័ត៌មានក្លែងក្លាយទេ ខណៈនៅក្នុងបរិបទបច្ចុប្បន្ននេះ បច្ចេកវិទ្យាកំពុងតែរីកចម្រើន ការផ្សាយផ្ទាល់របស់អ្នកសារព័ត៌មានមួយចំនួន គឺមិនបានគោរពតាមក្រមសីលធម៌វិជ្ជាជីវៈនោះទេ ពោលគឺការផ្សាយមានតែប្រភពម្ខាង។

ត្រង់ចំណុចនេះ ប្រសិនបើប្រភពព័ត៌មាន ត្រឹមត្រូវគឺមិនមានអ្វីចោទជាបញ្ហានោះទេ ក៏ប៉ុន្តែ ប្រភពពព័ត៌មានខ្លះ ជាប្រភពព័ត៌មានមិនត្រឹមត្រូវ ដូច្នេះ ការផ្សព្វផ្សាយចេញទៅនឹងធ្វើឱ្យមានការយល់ច្រឡំ។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្ថែម ដើម្បីឱ្យអ្នកសារព័ត៌មានផ្សព្វផ្សាយព័ត៌មានត្រឹមត្រូវ គឺត្រូវតែប្រកាន់នូវគោលការណ៍តុល្យភាពព័ត៌មាន ដែលជាក្រមសីលធម៌វិជ្ជាជីវៈមួយរបស់អ្នកសារព័ត៌មាន ត្រូវតែប្រកាន់ខ្ជាប់ ពោលគឺមុននឹងចេញផ្សាយព័ត៌មាន ត្រូវតែប្រកាន់គោលការណ៍តុល្យភាពព័ត៌មាន រវាងបុគ្គលដែលត្រូវគេចោទប្រកាន់ និងត្រូវតែមានការបកស្រាយ នេះគឺជាចំណុចចាំបាច់ត្រូវធ្វើក្នុងការចូលរួមចំណែកប្រឆាំងព័ត៌មានក្លែងក្លាយ។

លោករដ្ឋមន្ត្រី នេត្រ ថា «សូមកុំប្រញាប់ ប្រញាល់ក្នុងការផ្សព្វផ្សាយនៅពេលដែលព័ត៌មានទាំងអស់នោះ នៅពេលដែលយើងមិនប្រាកដថា ព័ត៌មានហ្នឹងត្រឹមត្រូវទេ, សូមកុំប្រញាប់ប្រញាល់ផ្សព្វផ្សាយព័ត៌មាន នៅពេលដែលយើងមិនបានផ្ទៀងផ្ទាត់ ត្រឹមត្រូវ តើប្រភពព័ត៌មានដែលផ្តល់ឱ្យយើងនោះ តើជាប្រភពព័ត៌មាន ដែលពិតប្រាកដ ជឿទុកចិត្តដែរ ឬទេ?»៕