
ភ្នំពេញ ៖ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥នេះ បានចេញសេចក្តីអំពាវនាវដល់សាធារណជន ស្តីពី ការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ចាប់ពីថ្ងៃទី១៤ ដល់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ។

ក្នុងសេចក្ដីអំពាវនាវ ដដែល គ.ស.ច.គ បានកោតសរសើរចំពោះអ្នកប្រើប្រាស់ផ្លូវដ៏ច្រើនលើសលប់ ដែលបានយកអស់ស្មារតីគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក រួមចំណែកទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០២៤ កន្លងទៅ។
ឆ្លៀតឱកាសនេះ គ.ស.ច.គ បានកត់សំគាល់នៅពេលមានពិធីបុណ្យនានា ការធ្វើចរាចរណ៍មានភាពមមាញឹក និងមាន កំណើនខ្ពស់នូវគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។ ដូចនេះ ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងឱកាសពិធីបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីជាតិ នៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ គ.ស.ច.គ. បានធ្វើការអំពាវនាវដល់ សាធារណជនជាអ្នកប្រើប្រាស់ផ្លូវ ត្រូវបើកបរដោយគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងចូលរួមទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ ចរាចរណ៍ផ្លូវគោក។
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានសំដែងនូវសេចក្តីសង្ឃឹមជឿជាក់លើអ្នកប្រើប្រាស់ផ្លូវគ្រប់រូប នឹងចូលរួមគោរពអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ក៏ដូចជាអនុវត្តតាមសេចក្តីអំពាវនាវនេះ ដើម្បីនាំមកនូវសុវត្ថិភាព និងសេចក្តី សុខក្សេមក្សាន្ត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ខាងមុខនេះ៕

Leave a Reply